ទូតជប៉ុន បន្តជំរុញ ទំនាក់ទំនងសេដ្ឋកិច្ច និងដោះដូរពាណិជ្ជកម្មរវាង កម្ពុជា-ជប៉ុន ឱ្យកាន់តែមានសន្ទុះ
ភ្នំពេញ ៖ លោក Ishizuki Hideo ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ ក.អ.ក. និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តជំរុញទំនាក់ទំនង សេដ្ឋកិច្ច ការដោះដូរពាណិជ្ជកម្ម និងការបញ្ជ្រាបទុនវិនិយោគជប៉ុន មកកាន់កម្ពុជាឱ្យកាន់តែមានសន្ទុះបន្ថែមទៀត។
ការលើកឡើងរបស់ លោក Ishizuki Hideo ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាស លោក ត្រូវបានរដ្ឋាភិបាលជប៉ុនតែងតាំង ជាឯកអគ្គរាជទូតថ្មីនៅកម្ពុជា។
លោក ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវជំនឿជាក់យ៉ាងមុតមាំថា តាមរយៈបទពិសោធន៍ និងសមត្ថភាពដ៏ប៉ិនប្រសព្វរបស់ឯកឧត្តមអគ្គរាជទូត ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងជប៉ុន នឹងត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែរីកចម្រើនថែមទៀតលើគ្រប់វិស័យ។
ជាការឆ្លើយតប លោកឯកអគ្គរាជទូត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សា និងបានសម្តែងនូវក្តីរីករាយក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា។
ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាយ៉ាងស៊ីជម្រៅលើទិដ្ឋភាពទូទៅនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។
ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់ជុំវិញបច្ចុប្បន្នភាពនៃស្ថានភាពក្នុងតំបន់ និងទូទាំងសកលលោក ដែលកំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជា ដែលទាមទារឱ្យមានផាពបុរេសកម្ម និងការត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ។
ភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការ កិច្ចប្រជុំគណៈកម្មាធិការចម្រុះ កម្ពុជា-ជប៉ុន ក្រោមកិច្ចព្រមព្រៀងរវាងកម្ពុជានិងជប៉ុន ដែលត្រូវបានរៀបចំឡើងយ៉ាងទៀងទាត់ (២ដងក្នុង១ឆ្នាំ) និងត្រូវបានចាត់ទុកជាវេទិកាយុទ្ធសាស្ត្រផ្លូវការក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមផ្សេងៗរបស់ធុរជនជប៉ុននៅកម្ពុជាបានទាន់ពេលវេលា៕
