កម្ពុជា បណ្ដេញជនបរទេស ខុសច្បាប់ ៧២១នាក់ ចេញពីប្រទេស
ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា បានសម្រេចបណ្ដេញជនបរទេសខុសច្បាប់សរុបចំនួន ៧២១នាក់ (ស្រី ៩៥នាក់) មាន ២០សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។
ការអនុវត្តនេះ ធ្វើឡើងតាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការចាត់តាំងដោយផ្ទាល់ពី ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តអនុវត្តនីតិវិធីបណ្ដេញចេញជាបន្តបន្ទាប់។
ជនបរទេសទាំង ២០សញ្ជាតិ រួមមាន៖ ឥណ្ឌូនេស៊ី, ចិន, បង់ក្លាដេស, ហ្វីលីពីន, នីហ្សេរីយ៉ា, ប៉ាគីស្ថាន, កាមេរូន, ជប៉ុន, ហ្គាណា, ចិនតៃវ៉ាន់, ម៉ាឡេស៊ី, កូរ៉េ, យូហ្គង់ដា, ឥណ្ឌា, មីយ៉ាន់ម៉ា, បារាំង, លីបេរីយ៉ា, ស្វីស, អ៊ូបេគីស្ថាន និងអាមេរិក។

ក្នុងចំណោមនោះ មាន៖ ជនជាតិចិន ចំនួន ៩០នាក់ (ស្រី ០៣នាក់) ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញតាមជើងហោះហើរពិសេស។
ជនជាតិឥណ្ឌូនេស៊ី ចំនួន ៣៥៥នាក់ (ស្រី ៥៤នាក់) ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិតេជោ។

ចំណែកជនបរទេសផ្សេងទៀត ត្រូវបានបណ្ដេញចេញបន្ទាប់ពីសមត្ថកិច្ចរកឃើញថា បានប្រព្រឹត្តបទល្មើសដូចជា៖ ការលួចឆ្លងដែនខុសច្បាប់, បន្លំឯកសារ, ស្នាក់នៅគ្មានលិខិតឆ្លងដែន, ចាប់ជំរិតទារប្រាក់, ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ), ជួញដូរ និងប្រើប្រាស់គ្រឿងញៀន, ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត តាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ។
សូមរំលឹកថា ប្រតិបត្តិការបណ្ដេញចេញជនបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កន្លងមក សម្ដេចធិបតី ធ្លាប់បានបញ្ជាក់ថា «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ»៕
