ព័ត៌មានជាតិ

សម្តេចធិបតី ៖ MSMEs ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាដៃគូរដ៏សំខាន់របស់រដ្ឋាភិបាល

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រកាសថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គឺជាឆ្អឹងខ្នងនៃសេដ្ឋកច្ចជាតិ និងជាដៃគូរដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការបង្កើតការងារ និងបង្កើតចំណូលក្នុងគ្រួសារផងដែរ។

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនតូចមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងរយៈពេលកន្លងមក MSMEs បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលគាំទ្រជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងរួមចំណែកពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ជាការពិត សហគ្រាសធុនមីក្រូ តូច និងមធ្យម ឬហៅកាត់ថា MSMEs គឺជាឆ្អឹងខ្នង នៃសេដ្ឋកច្ចជាតិ និងជាដៃគូរដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការបង្កើតការងារ បង្កើតចំណូលក្នុងគ្រួសារ ជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងភាពធន់សេដ្ឋកិច្ច»។

សម្ដេចធិបតី បន្ដថា ការយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍ សហគ្រាសធុនមីក្រូ តូច និងមធ្យមមិនមែន ទើបចាប់ផ្ដើមនៅពេលនេះទេ, រាជរដ្ឋាភិបាលអាណត្តិមុនៗក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានកសាងមូលដ្ឋានសន្ដិភាព ស្ថិរភាព ហេដ្ឋារចនាសម្ព័ន្ធក្របខណ្ឌច្បាប់ និងបរិយាកាសធុរកិច្ច ដែលបានបើកផ្លូវឱ្យវិស័យឯកជន និងសហគ្រាសក្នុងស្រុករីកចម្រើន តភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសេដ្ឋកិច្ចតំបន់ និងសកល។

យោងតាមជំរឿនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ កម្ពុជាមានមូលដ្ឋានអាជីវកម្ម និងសហគ្រាសសរុបប្រមាណ ៧៥៣ ៦៧០មូលដ្ឋាន។ ក្នុងនោះ ៦០ ៥០៣ ជាសហគ្រាសធុនតូច និងមធ្យម។ សហគ្រាសធុនមីក្រូ តូច និងមធ្យម ផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ ២,៩៨លាននាក់ ក្នុងនោះស្ត្រីមានជាង ១,៨៤ លាននាក់ ស្មើនឹងជាង ៦០% នៃកម្លាំងពលកម្មសរុប៕

To Top