ព័ត៌មានជាតិ

សម្តេចធិបតី ៖ វិស័យ MSMEs ចូលរួមយ៉ាងសកម្មកែច្នៃ ផលិតផលកសិកម្ម

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងសិប្បកម្មជាច្រើនទៀតបានចូលរួមយ៉ាងសកម្មក្នុងការកែច្នៃផលិតផលកសិកម្ម ការផលិតម្ហូបអាហារ ផលិតផលប្រើប្រាស់ និងសិប្បកម្ម។

ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក MSMEs បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលគាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងរួមចំណែកពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ។

សម្តេចធិបតីបន្តថា “ជាពិសេស MSMEs និងសិប្បកម្មជាច្រើនបានចូលរួមយ៉ាងសកម្មក្នុងការកែច្នៃផលិតផលកសិកម្ម ការផលិតម្ហូបអាហារ ផលិតផលប្រើប្រាស់ សិប្បកម្ម វប្បធម៌ និងសេវាកម្ម ដែលបានបង្កើតតម្លៃបន្ថែម និងឱកាសការងារនៅក្នុងស្រុក” ។

សម្ដេចនាយករដ្ឋមន្រ្ដីបញ្ជាក់ទៀតថា ក្នុងវិស័យហិរញ្ញប្បទាន រាជរដ្ឋាភិបាលបានបង្កើតយន្តការពិសេសជាច្រើន ដើម្បីគាំទ្រ MSMEs ។ ដោយគិតត្រឹមឆ្នាំ២០២៥ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានផ្តល់ឥណទានគោល នយោបាយសរុបជិត ៥០០ លានដុល្លារដល់សហគ្រាសជាង ៣,៤០០ មូលដ្ឋានអាជីវកម្ម ក្នុងវិស័យអាទិភាព រួមមាន ៖ ការកែច្នៃ កសិផល ការផលិតម្ហូបអាហារ ឧស្សាហកម្ម និងសេវាកម្ម៕

To Top