ក្រសួង២ រួមគ្នាទុកដាក់ និងញែកសំណល់ប្លាស្ទិក នៅតាមគ្រឹះស្ថានសិក្សា
ភ្នំពេញ ៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពី «ការទុកដាក់និងញែកសំណល់ប្លាស្ទិក នៅតាមគ្រឹះស្ថានសិក្សា» រវាងក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅសាលប្រជុំវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
លោក ហង់ជួន ណារ៉ុន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមឆ្ពោះទៅកម្ពុជាមានភាពស្អាត តាមរយៈយុទ្ធនាការឈានទៅរកការកាត់បន្ថយសំណល់សូន្យ (Zero Waste)។
លោក អ៊ាង សុផល្លែត បានថ្លែងថា ការងចុះអនុស្សរណៈយោគយល់គ្នានាពេលនេះ មានអត្ថន័យយ៉ាងធំធេង ក្នុងគោលបំណងបណ្តុះស្មារតី ស្រឡាញ់បរិស្ថានដល់សិស្សានុសិស្ស និងបង្កើតទម្លាប់រស់នៅស្អាត ចាប់ផ្តើមចេញពីសាលារៀន សំដៅទៅការនាំកម្ពុជាទៅកាន់ប្រទេសមួយ ដែលមានសំណល់សូន្យ (Zero Waste) កន្លងមក យើងបានអនុវត្តតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺនៅលើសសរស្តម្ភនៃភាពស្អាត។
លោករដ្ឋមន្រ្តី បានបន្ថែមថា ដំណើរជាជំហានៗ ឆ្ពោះទៅទស្សនវិស្ស័យខាងលើនេះ បានសម្រេចលទ្ធផលជាបណ្តើរៗ គឺទី១ ការដាក់ចេញយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានប្រជាជនជាង ១៤ លាននាក់បានចូលរួម។ ហើយតាមរយៈជោគជ័យយុទ្ធនាការ យើងដាក់យុទ្ធនាការមួយទៀតគឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមជាង ៨ លាននាក់ ដែលបានធ្វើការសម្អាតនៅតាមមូលដ្ឋាន។
សូមបញ្ជាក់ថា កន្លងមកបានក្រសួងបរិស្ថានបានផ្តល់ជូនធុងសំរាមសរុបចំនួន ៤៥ ២៤០ធុង ក្នុងនោះបានផ្តល់ជូនសាលា ចំនួន ១៦ ៩៣៥ធុង នៅតាម១១ខេត្ត រួមមាន ខេត្តកំពង់ធំ, កំពត, កណ្តាល, កោះកុង, ក្រចេះ, ព្រៃវែង, ពោធិ៍សាត់, សៀមរាប, ព្រះសីហនុ, កែប និងត្បូងឃ្មុំ។
ដោយឡែកក្នុងថ្ងៃចុះហត្ថលេខាលើអនុស្សារណៈរវាងក្រសួងបរិស្ថាន និងក្រសួងអប់រំយុវជន និងកីឡា នាពេលនេះ មានការផ្តល់ជូនធុងសំរាមបន្ថែម ចំនួន ១៧ ១៧៥ធុង ជូនទៅសាលារៀននៅតាមរាជធានី ខេត្ត ១៤រាជធានី-ខេត្ត រួមមាន បន្ទាយមានជ័យ , បាត់ដំបង, កំពង់ចាម, កំពង់ឆ្នាំង, កំពង់ស្ពឺ, មណ្ឌលគិរី, រាជធានីភ្នំពេញ, ព្រះវិហារ, រតនគិរី, ស្ទឹងត្រែង, ស្វាយរៀង, តាកែវ, ឧត្តរមានជ័យ និងប៉ៃលិន៕
