នាវាទេសចរណ៍អន្តរជាតិ ផ្ទុកអ្នកដំណើរជិត១ពាន់នាក់ ចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ
ភ្នំពេញ ៖ នាវាទេសចរណ៍អន្តរជាតិ ឈ្មោះ MV. VIKING VENUS ដឹកភ្ញៀវទេសចរណ៍ចំនួន ៨៥៦ នាក់បានចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ។

នាវាទេសចរណ៍អន្តរជាតិនេះ មានប្រវែងបណ្តោយ ២២៨,៣០ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ ម៉ែត្រ ជម្រៅទឹក -៦,៥៦ ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពី ប្រទេសវៀតណាម។
នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤៦៧ នាក់ (ស្រី ១១២ នាក់) មាន ៣៥ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៨៥៦ នាក់ (ស្រី ៤៤៨ នាក់) មាន ២៧ សញ្ជាតិ។ សញ្ជាតិ ដែលមានចំនួនភ្ញៀវទេសចរណ៍ច្រើនជាងគេ គឺសហរដ្ឋអាមេរិក ចំនួន ៦៨៦ នាក់ និងអូស្ត្រាលី ចំនួន ៧៧ នាក់។ នាវាទេសចរណ៍អន្តរជាតិនេះ នឹងចាកចេញទៅប្រទេសថៃ នាវេលាម៉ោង២រសៀល នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦៕






