Feature

សាស្ត្រាចារ្យ ឈាង រ៉ា ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ដល់កម្ពុជាវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី៧៧ តំបន់ប៉ាស៊ីហ្វិកខាងលិច របស់អង្គការសុខភាពពិភពលោក នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន ។

ក្នុងអំឡុងពេលនៃការចូលរួមកិច្ចប្រជុំលើកទី៧៧ កម្ពុជាបានចូលរួម និងដើរតួនាទីយ៉ាងសកម្មក្នុងការពង្រឹងសុខាភិបាលតំបន់ប៉ាស៊ីហ្វិកខាងលិច។ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសរំលេចពីសមិទ្ធផលគួរឱ្យកត់សម្គាល់របស់កម្ពុជា បង្ហាញជូនកិច្ចប្រជុំលើកទី៧៧ រួមមាន ៖ ការពង្រឹងការថែទាំសុខភាពបឋម , ការឃ្លាំមើលនិងស្រាវជ្រាវករណីជំងឺ , ការត្រៀមលក្ខណៈ និងឆ្លើយតបគ្រាអាសន្នសុខភាពសាធារណៈ , នៅលើដំណើរផ្លូវទៅប្រកាស ជាផ្លូវការអំពីការលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា , ការពង្រីកកម្មវិធីចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន និងការសម្រេចបានគោលដៅ ៩៥-៩៥-៩៥ នៃជំងឺអេដស៍ ។
 
នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក ក៏បានកោតសរសើរកម្ពុជាចំពោះលទ្ធផលរយៈពេល១ឆ្នាំកន្លងមកដូចជា ៖ ការឈានទៅសម្រេចការ គ្របដណ្តប់សុខភាពជាសកល (UHC) ។ ជាក់ស្តែង ការគ្របដណ្តប់សេវាបានកើនដល់៦២% ធៀបនឹងគោលដៅ ៨០% នាឆ្នាំ២០៣៥។ ដើម្បីចូលរួមដោះស្រាយការលំបាកផ្នែកថវិកា កម្ពុជាបានចូលរួមថវិកាក្នុងកម្មវិធីវិនិយោគ របស់អង្គការសុខភាពពិភពលោក កាលពីឆ្នាំ ២០២៤ ចំនួន ៤០០ ០០០ ដុល្លារ។

ក្នុងកិច្ចប្រជុំលើកទី៧៧ តំបន់ប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាពពិភពលោកនេះ ក៏អនុម័តដំណោះស្រាយមួយចំនួនដូចជា គោលការណ៍ណែនាំ សម្រាប់បញ្ញាសិប្បនិម្មិតប្រកដោយការទទួលខុសត្រូវក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច , ផែនការសកម្មភាពពង្រឹង ការគ្រប់គ្រងជំងឺលើសសម្ពាធឈាមក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច , ផែនការតំបន់ដើម្បីបង្កើន វឌ្ឍនភាពការចាក់ថ្នាំបង្ការក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ២០២៦-២០៣០ និងការពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅការត្រួតពិនិត្យថ្នាំជក់ឆ្នាំ២០៣០ ក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច៕

To Top