Feature

រដ្ឋមន្រ្តីសុខាភិបាល ៖ ឧត្តមានុវត្តន៍ នៃការគ្រប់គ្រងហិរញ្ញវត្ថុ ជាគ្រឹះនៃភាពរីកចម្រើន

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ឧត្តមានុវត្តន៍នៃការគ្រប់គ្រងហិរញ្ញវត្ថុ គឺជាគ្រឹះនៃភាពរីកចម្រើន និងចីរភាព។

ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយដាក់ឱ្យអនុវត្តសៀវភៅគោលការណ៍ណែនាំស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា លើកឡើងថា ដើម្បីជំរុញឱ្យប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រែក្លាយជាប្រព័ន្ធមួយស្របតាមបទដ្ឋាន និងឧត្តមានុវត្តន៍អន្តរជាតិ ដោយផ្លាស់ប្តូរប្រព័ន្ធថវិកាដែលផ្ដោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ ឆ្ពោះទៅជាប្រព័ន្ធដែលផ្ដោតលើធាតុចេញ ឬលទ្ធផល និងវិមជ្ឈការ។

 
សាស្រ្តាចារ្យបន្ថែមថា ការដាក់ឱ្យអនុវត្ត នូវសៀវភៅគោលការណ៍ណែនាំ ស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងសុខាភិបាលនឹងក្លាយ ជាមគ្គុទ្ទេសក៍នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការទ្រទ្រង់ និងជំរុញឱ្យក្រសួងសុខាភិបាល និងអង្គភាពក្រោមឱវាទ អនុវត្តថវិការបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងតម្លាភាពខ្ពស់។

 
ក្នុងឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់អង្គភាពថវិកាទាំងអស់ ត្រូវយកទៅអនុវត្ត សៀវភៅគោលការណ៍ណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមចំណែកពង្រឹងប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈរបស់កម្ពុជាឱ្យកាន់តែរឹងមាំ ។ ក្នុងនោះ ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំផែនការ ថវិកាឱ្យស្របតាមគោលនយោបាយ យុទ្ធសាស្រ្ត និងទិសដៅគន្លឹះ របស់រាជរដ្ឋាភិបាល ក៏ដូចជាវិស័យសុខាភិបាល ដោយមានកំណត់ នូវគោលបំណងសូចនាករគន្លឹះ និងគោលដៅសូចនាករ ដែលអាចវាស់វែងបានច្បាស់លាស់។ ជាមួយគ្នានេះ ក៏ត្រូវពង្រឹងការគ្រប់គ្រង ប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋឱ្យបានចំទិសដៅការងារ និងត្រឹមត្រូវតាមបទដ្ឋានគតិយុត្តជាធរមាន ។
រដ្ឋមន្រ្តីបន្ថែមទៀតថា ជាមួយគ្នានេះ ត្រូវរៀបចំធ្វើការបណ្តុះបណ្តាលបន្ថែម អំពីសៀវភៅគោលការណ៍ណែនាំនេះ ដល់អង្គភាពអនុវត្ត ឱ្យបានយល់ច្បាស់លាស់ អនុវត្តឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ។ រដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ក្រុមការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈក្រសួងសុខាភិបាល ត្រូវធ្វើការពិនិត្យនិងធ្វើបច្ចុប្បន្នភាពនៅពេលវេលាសមស្របនាពេលខាងមុខ ដើម្បីឱ្យគោលការណ៍ណែនាំនេះ អាចប្រើប្រាស់បានស្របតាមការវិវត្ត នៃបទដ្ឋានគតិយុត្តថ្មីៗរបស់កម្ពុជា៕

To Top