ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយគុណភាព ត្រូវតែផ្សារភ្ជាប់ឱ្យជិតស្និទ្ធទៅនឹងការអនុវត្ត និងតម្រូវការជាក់ស្តែង របស់ទីផ្សារ។
ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យលោកស្រី Sharan BURROW ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស Bendigo Kangan Institute (BKI) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប, លោកស្រីប្រធានក្រុមប្រឹក្សាភិបាល បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងកម្លាំងពលកម្មជំនាញ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបានបង្ហាញពីការប្ដេជ្ញាចិត្តបន្តពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈការបង្កើតម៉ូឌែលបណ្ដុះបណ្ដាលសមស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់កម្ពុជា សំដៅចូលរួមចំណែកសម្រេចនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។
ជាការឆ្លើយតប, សម្តេចធិបតី បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុក «មនុស្ស» ជាអាទិភាពគន្លឹះទីមួយ ដែលក្នុងនោះមូលដ្ឋានគ្រឹះក្នុងការកសាងមូលធនមនុស្ស គឺការវិនិយោគលើវិស័យសុខភាព, ការអប់រំ, ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ, និងបង្កើតការងារសមរម្យ។
ជាមួយគ្នានេះ, សម្តេចធិបតីបានលើកឡើងពីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ជាមួយនឹងឆន្ទៈចង់ប្រែក្លាយកម្ពុជាពីប្រទេសដែលពឹងផ្អែកលើកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើឧស្សាហកម្ម។ ជាក់ស្តែង, រាជរដ្ឋាភិបាលមានបំណងបញ្ជ្រាបខ្លួនចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តបន់ និង សកល លើផ្នែកគ្រឿងបន្លាស់ និងបរិក្ខាររថយន្ត ដែលជាការបោះជំហានដ៏សំខាន់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនតម្លៃបន្ថែមក្នុងស្រុក បន្ថែមលើការដំឡើង និងផ្គុំរថយន្តដែលមានស្រាប់។
សម្តេចធិបតី បានលើកទឹកចិត្តឱ្យលោកស្រី ប្រធានក្រុមប្រឹក្សាភិបាល និងសហការី បន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីបន្តបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញកម្ពុជា ឱ្យកាន់តែឆ្លើយតបបាន ទៅនឹងតម្រូវការទីផ្សារជាក់ស្តែង ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងប្រែក្លាយផែនការសហប្រតិបត្តិការនានា ឱ្យចេញជាលទ្ធផលជាក់ស្តែងប្រកបដោយប្រសិទ្ធភាពខ្ពស់៕


