អភិបាលខេត្តបាត់ដំបង បង្ហាញពីគោលបំណង ប្រែក្លាយក្រុងបាត់ដំបង ធ្វើយ៉ាងឱ្យក្លាយជាទីក្រុងវៃឆ្លាត
បាត់ដំបង ៖ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបង្ហាញពីគោលបំណង ក្នុងការប្រែក្លាយក្រុងបាត់ដំបង ធ្វើយ៉ាងឱ្យក្លាយជាទីក្រុងវៃឆ្លាត ស្អាត បៃតង និងអាចដើរបាន។

ការលើកឡើងរបស់ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាឱកាសអញ្ជើញជាអធិបតីទិវាសម្អាតអនាម័យបរិស្ថាន ក្រោមប្រធានបទ ចូលរួមយុទ្ធនាការសម្អាតភូមិដ្ឋានយើង ដើម្បីបណ្តុះស្មារតីក្នុងការធ្វើអនាម័យបរិស្ថាន និងលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណសួនវិមានឯករាជ្យខេត្តបាត់ដំបង។
លោក អភិបាលខេត្ត បានលើកឡើងពីការអប់រំឱ្យពលរដ្ឋទូទៅ ចេះញែកសំរាម និងទុកដាក់កាកសំណលឱ្យបានត្រឹមត្រូវ។ លោក បានណែនាំឱ្យមានការជូនដំណឹង និងណែនាំដល់រដ្ឋបាលក្រុង ស្រុក ត្រូវបង្កើតក្រុម ការងារទទួលខុសត្រូវ តាមដានត្រួតពិនិត្យ លើកិច្ចការសំអាតអនាម័យ បរិស្ថានតាមបណ្តាក្រុងស្រុកទាំងអស់។

លើសពីនេះទៅទៀត យុទ្ធនាការដែលធ្វើឡើងក្នុងថ្ងៃតែមួយនេះ មិនមែនជាព្រឹត្តិការណ៍ធ្វើឡើងតែមួយដងមួយកាល រួចក៏បញ្ចប់ទៅនោះទេ ប៉ុន្តែវាគឺជាចំណុចចាប់ផ្តើមនៃចលនាអនាម័យ បរិស្ថាន បន្តរហូតជាប្រចាំ ដើម្បីជំរុញសកម្មភាពសម្អាតភូមិដ្ឋាននេះជាបន្តបន្ទាប់ សំដៅផ្លាស់ប្តូរឥរិយាបថ និងបណ្តុះគំនិត «រស់នៅស្អាត ភូមិឋានបៃតង» ឱ្យចាក់ឫស យ៉ាងមាំក្នុងស្មារតីរបស់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់ជំនាន់៕
