Feature

ក្រសួងវប្បធម៌ខ្មែរ ៖ ប្រាសាទបុរាណ មិនមែនជាមូលដ្ឋាន យោធាឡើយ

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាបានបដិសេធ ចំពោះការចោទប្រកាន់ដដែលៗរបស់ថៃ និងតវ៉ាចំពោះសកម្មភាពគ្មានការអនុញ្ញាតនៅ តាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ។

ការលើកឡើង របស់ក្រសួងវប្បធម៌នេះ បន្ទាប់ពីអាជ្ញាធរយោធាថៃ ចោទប្រកាន់កម្ពុជាសារជាថ្មីថា បានប្រើប្រាស់ទីតាំងប្រាសាទបុរាណសម្រាប់ គោលបំណងយោធា។

ចំពោះការចោទប្រកាន់នេះ ក្រសួងវប្បធម៌តាមរយៈសេចក្តីថ្លែងការណ៍បញ្ជាក់ជាថ្មីថា ប្រាសាទបុរាណ និងទីតាំងបុរាណវិទ្យា គឺជាទីតាំងដែលមានសារៈសំខាន់ ផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងជាទីកន្លែង សម្រាប់ការគោរពបូជាសាសនា ការអភិរក្ស ការស្រាវជ្រាវ ការអប់រំ និងទេសចរណ៍ មិនមែនជាមូលដ្ឋានយោធាឡើយ ។
ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពី ការការពារបេតិកភណ្ឌវប្បធម៌ ក្នុងករណីមានជម្លោះប្រដាប់អាវុធ និង អនុសញ្ញា ឆ្នាំ១៩៧២ កម្ពុជានៅតែប្តេជ្ញាចិត្ត យ៉ាងមុតមាំក្នុងការ ការពារបេតិកភណ្ឌវប្បធម៌របស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ។

ទន្ទឹមនឹងនេះ កម្ពុជាតវ៉ាដាច់អហង្ការ ចំពោះវត្តមានរបស់កងកម្លាំងយោធាថៃ និងសកម្មភាពឯកតោភាគីនានា ដែលអាជ្ញាធរថៃបានអនុវត្តនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នារ ព្រមទាំងទីតាំងបុរាណវិទ្យា ផ្សេងទៀតរបស់កម្ពុជា តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយគ្មានការអនុញ្ញាតពីកម្ពុជា៕

To Top