លោក ទីវ រ៉ាវុឌ្ឍ ចែកសម្ភារៈសិក្សា ជូនសិស្សានុសិស្ស នៅឃុំក្បាលត្រាច ដើម្បីរួមចំណែក លើកកម្ពស់វិស័យអប់រំ
ពោធិ៍សាត់៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោក ទីវ រ៉ាវុឌ្ឍ ប្រធានក្រុមការងារចុះជួយឃុំក្បាលត្រាច ឃុំពង់ពោធិ៍ និងឃុំអូរសណ្តាន់ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សៀវភៅ និងសម្ភារៈសិក្សាជូនសិស្សានុសិស្សចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១១ នៅភូមិត្រពាំងស្មាច ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ក្នុងឱកាសនោះ លោក ទីវ រ៉ាវុឌ្ឍ បានផ្តល់ដំបូន្មាន និងលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ស្តាប់ដំបូន្មាន របស់លោកគ្រូ អ្នកគ្រូ គោរពវិន័យសាលារៀន ព្រមទាំងប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងការជួយយក អាសាគ្នាទៅវិញទៅមក ដើម្បីទទួលបានចំណេះដឹង និងជំនាញ សម្រាប់អភិវឌ្ឍសមត្ថភាពរបស់ខ្លួន និងក្លាយជាធនធាន មនុស្សប្រកបដោយសក្តានុពល សម្រាប់គ្រួសារ សង្គមជាតិ និងប្រទេសជាតិនាពេលអនាគត។

ជាមួយគ្នានេះ សិស្សានុសិស្សចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១១ បានទទួលសម្ភារៈសិក្សា ដោយក្នុងម្នាក់ៗទទួល បានសៀវភៅចំនួន១០ក្បាល និងសិស្សថ្នាក់ទី១២ទទួលបានសៀវភៅ១៤ ក្បាល ប៊ិចខៀវចំនួន៧ដើម និងប៊ិចក្រហមចំនួន១ដើម ដើម្បីជួយសម្រួលដល់ការសិក្សារៀនសូត្រ និងជំរុញឱ្យមានការខិតខំប្រឹងប្រែង បន្ថែមទៀតក្នុងការសិក្សា ។

ការផ្តល់សម្ភារៈសិក្សានេះ គឺជាសកម្មភាព ចូលរួមចំណែកគាំទ្រដល់វិស័យអប់រំ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ឱ្យបន្តការសិក្សាប្រកបដោយការទទួលខុសត្រូវ និងការតាំងចិត្តខ្ពស់ សំដៅពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើននាពេលអនាគត។







អត្ថបទនេះដោយ÷ ខេម៉ា / ដើមអម្ពិល
