លោក លាង ទិតដ្ឋាន ដឹកនាំមន្ត្រីមន្ទីរព័ត៌មាន ខេត្តពោធិ៍សាត់ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ វឌ្ឍនភាពការងារ កែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងព័ត៌មាន
ពោធិ៍សាត់ ៖ លោក រស់ ថាន់សន រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាអនុប្រធានប្រចាំ គណៈកម្មាធិការកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង សិក្ខាសាលាផ្សព្វផ្សាយអំពីវឌ្ឍនភាពការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រសួងព័ត៌មាន និងការពិនិត្យឡើងវិញមុខងារដែលបានធ្វើប្រតិភូកម្ម នៅមន្ទីរព័ត៌មាន និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ។

សិក្ខាសាលានេះប្រារព្ធធ្វើឡើងនៅសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មាន ខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីក្រោមឱវាទ និងមន្រ្តីរាជការនៃមន្ទីរព័ត៌មាន រាជធានី-ខេត្តជាច្រើនរូបទៀត ។

ខ្លឹមសារសំខាន់ៗនៃសិក្ខាសាលា ការផ្សព្វផ្សាយវឌ្ឍនភាពគឺដើម្បីលើកកម្ពស់ ការយល់ដឹងពីវឌ្ឍនភាពការងារ នៃការអនុវត្តគោលនយោបាយ កែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យព័ត៌មាន, ផ្ដោតលើការពិនិត្យ និងវាយតម្លៃលើមុខងារដែលបានធ្វើប្រតិភូកម្មឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាបាននូវប្រសិទ្ធភាព ការទទួលខុសត្រូវ និង ការសម្រេចចិត្តជិតមូលដ្ឋាន និងជំរុញការអនុវត្តតួនាទីភារកិច្ច របស់មន្ត្រីជំនាញឱ្យកាន់តែមានភាពរលូន និងស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មាន៕
ប្រភព&រូបភាព÷វិទ្យុជាតិខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល



