ព័ត៌មានជាតិ

នគរបាលខេត្តមណ្ឌលគិរី បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៩នាក់ រឹបអូសថ្នាំញៀន ៧១កញ្ចប់

មណ្ឌលគិរី៖ កម្លាំងនគរបាល ជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី បានចុះបង្ក្រាប ករណីសង្ស័យពាក់ព័ន្ធនឹងការជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ និងរឹបអូសវត្ថុតាងមួយចំនួន នៅស្រុកកែវសីមា ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅចំណុចផ្ទះឈ្មោះ សាង វាសនា ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោមការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។

កម្លាំងចុះប្រតិបត្តិការរួមមាន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុងផ្លាស់ នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា ដោយអនុវត្តតាមអនុសាសន៍ របស់អគ្គស្នងការនគរបាលជាតិ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងខេត្ត ។

តាមព័ត៌មានពីសមត្ថកិច្ច វត្ថុតាងដែលបានដកហូតរួមមាន ៖
ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ៧១កញ្ចប់ ទម្ងន់សរុប ៤០,០៥ក្រាម រួមទាំងសំបកថង់។
ទូរស័ព្ទដៃចំនួន ៦គ្រឿង ក្នុងនោះម៉ាក Pova ១គ្រឿង, Tecno ១គ្រឿង, Infinix ២គ្រឿង និង Vivo ២គ្រឿង។
ម៉ូតូចំនួន ២គ្រឿង រួមមានម៉ាក Honda Dream ពណ៌ខ្មៅ និងម៉ាក Wave ពណ៌ខ្មៅ ដោយគ្មានស្លាកលេខទាំងពីរគ្រឿង។
ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ១គ្រឿង ។

ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន និងថង់សម្រាប់វេចខ្ចប់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំង ៩នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top