កម្ពុជា បណ្ដេញជនជាតិវៀតណាម ៣២នាក់ ចេញពីប្រទេស បន្ទាប់ពីលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់
ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្ដេញជនជាតិវៀតណាម ចំនួន ៣២នាក់ ពាក់ព័ន្ធករណីលួចឆ្លងដែន ធ្វើការងារ ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ខេត្តព្រៃវែង ។
ប្រតិបត្តិការបណ្ដេញចេញ ជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាង ម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា កន្លងមក សម្តេចធិបតី ធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»។
ផ្អែកលើស្មារតីនេះ និងក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពី លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបាននិងកំពុងខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕

