Feature

ថ្នាក់ដឹកនាំអាវុធហត្ថ បន្ទាយមានជ័យ រៀបចំប្រព័ន្ធសោធន និងមូលនិធិជួយសង្គ្រោះ ជូនកងកម្លាំង៥៨រូបមុនចូលនិវត្តន៍

បន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកយុទ្ធនាការរៀបចំយន្តការគាំពារសន្តិសុខសង្គម និងរបបសោធននិវត្តន៍ឆ្នាំ២០២៧ ជូនដល់យោធិនចំនួន ៥៨រូប ដែលត្រូវដល់អាយុចូលនិវត្តន៍ ដើម្បីធានាថា គ្មានវីរយុទ្ធជនណាម្នាក់ត្រូវ «បោះបង់ចោល» ឡើយ។ ក្នុងពិធីដែលដឹកនាំដោយ លោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានរំលេចយ៉ាងច្បាស់ ពីការអនុវត្តច្បាប់សោធន និងកិច្ចគាំពារផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីលើកកម្ពស់គុណតម្លៃ នៃការលះបង់របស់កងកម្លាំង។

ចំណុចស្នូលនៃកិច្ចគាំពារនេះ គឺការប្រកាសដាក់ចេញនូវ «មូលនិធិមហាគ្រួសារ អាវុធហត្ថ» និង «មូលនិធិអតីតមហាគ្រួសារ កងរាជអាវុធហត្ថ» ដែលជាគំនិតផ្ដួចផ្ដើមរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា។ តាមរយៈភាគទានស្ម័គ្រចិត្តរបស់កងកម្លាំង មូលនិធិនេះនឹងផ្តល់ប្រាក់ឧបត្ថម្ភភ្លាមៗចំនួន ៥លានរៀល ជូនគ្រួសារយោធិនពលី មរណភាព ឬពិការភាព ដើម្បីធានាថាជីវភាពគ្រួសារយុទ្ធជននៅតែមានបង្អែករឹងមាំ ទោះជាស្ថិតក្នុងស្ថានភាពអាសន្ន ឬក្រោយពេលចូលនិវត្តន៍ក៏ដោយ។

ការរៀបចំប្រព័ន្ធសន្តិសុខសង្គមនេះ គឺជាការតបស្នងកាតព្វកិច្ចយ៉ាងពិតប្រាកដ ចំពោះវីរភាពរបស់កងកម្លាំង ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ការពារបូរណភាពទឹកដី និងសុវត្ថិភាពប្រជាជន។ ស្ថាប័នអាវុធហត្ថបានបញ្ជាក់ជំហរយ៉ាងច្បាស់ថា ការចូលនិវត្តន៍មិនមែន ជាការបញ្ចប់ការទទួលខុសត្រូវនោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តបន្តមើលថែទាំកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អតីតយុទ្ធជនជាប្រចាំ៕

អត្ថបទ: ប៊ុន សំណាង/DapNews

To Top