Feature

ទណ្ឌិត ១៨២នាក់ ត្រូវបានផ្ទេរពីពន្ធនាគារ​ ខេត្តកណ្តាល ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៥

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ទណ្ឌិតចំនួន ១៨២នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តកណ្តាល ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៥ ដើម្បីស្តារនីតិសម្បទា។

ការផ្ទេរទណ្ឌិតនេះ ធ្វើឡើងដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពី លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានពន្ធនាគារ បានសហការយ៉ាងជិតស្និទ្ធជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរខេត្តកណ្តាល និងរាជធានីភ្នំពេញ ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ បានរៀបចំធ្វើការផ្ទេរ និងដឹកបញ្ជូនទណ្ឌិតចំនួន ២០០នាក់ ពីពន្ធនាគារខេត្តកណ្តាល ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៥ ដើម្បីទទួលការស្តារនីតិសម្បទា។

ប្រតិបត្តិការនៃការដឹកបញ្ជូននេះ ត្រូវបានអនុវត្តជាក់ស្តែងចំនួន ១៨២នាក់ ប្រកបដោយសុវត្ថិភាព និងភាពរលូនបំផុត ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ដោយ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ។ ដោយឡែក ទណ្ឌិតចំនួន ១៨នាក់ ផ្សេងទៀត ពុំទាន់បានផ្ទេរនៅឡើយ ដោយសារកំពុងស្ថិតក្នុងដំណើរការនីតិវិធីបន្តនៅសាលាឧទ្ធរណ៍។

សូមបញ្ជាក់ថា មណ្ឌលអប់រំកែប្រែទី៥ មានទីតាំងស្ថិតនៅក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

To Top