Feature

កម្ពុជា ត្រៀមខ្លួនជាស្រេច ផ្តល់កិច្ចសហការជាមួយJICA ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍ របស់ជប៉ុននៅកម្ពុជា

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ JICA ដើម្បីគាំទ្ររាល់បេសកកម្ម និងគម្រោងអភិវឌ្ឍន៍អាទិភាពនានារបស់ជប៉ុននៅកម្ពុជា ឱ្យសម្រេចបានជោគជ័យបន្ថែមទៀត។

នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាឱកាសអនុញ្ញាតឱ្យលោក Sanui Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ការិយាល័យប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកបានបញ្ចប់អាណត្តិបេសកកម្មការងារដោយជោគជ័យនៅកម្ពុជា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។

ទន្ទឹមនឹងនេះ លោក Sanui Kazumasa ក៏បានណែនាំខ្លួន លោកស្រី Iwama Nozomi ដែលជាសមាសភាពប្រធានតំណាងថ្មីរបស់ JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោក Sanui Kazumasa បានឱ្យដឹងថា តាមរយៈកិច្ចសហការនេះ បានធ្វើឱ្យរយៈពេល៣ឆ្នាំ និង ៦ខែ នៃការបំពេញបេសកកម្មរបស់លោកនៅក្នុងប្រទេសកម្ពុជា ទទួលបានភាពជោគជ័យ និងលទ្ធផលជាផ្លែផ្កា។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី Iwama Nozomi ក្នុងឱកាសទទួលបានការតែងតាំងជាប្រធានតំណាងថ្មីរបស់ JICA ប្រចាំនៅកម្ពុជា ។ លោក បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា លោកស្រីនឹងបន្តវប្បធម៌សហប្រតិបត្តិការដ៏ល្អនេះ ដើម្បីពង្រឹងចំណងមិត្តភាព កិច្ចសហការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោក ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា «ក.អ.ក. បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ JICA ដើម្បីបន្តសម្របសម្រួល ជំរុញ និងគាំទ្រដល់រាល់បេសកកម្ម និងគម្រោងអភិវឌ្ឍន៍អាទិភាពនានារបស់ជប៉ុននៅកម្ពុជាឱ្យសម្រេចបានជោគជ័យបន្ថែមទៀត សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា»។

ជំនួបពិភាក្សាការងារនេះ បានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល រីករាយ និងជាសក្ខីភាពមួយបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តថែរក្សា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន សម្រាប់ប្រជាជាតិទាំងពីរ៕

To Top