ព័ត៌មានជាតិ

ក្រសួងការងារ និងអង្គការ WRAP រួមគ្នាលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ តាមរយៈការបណ្តុះបណ្តាលជំនាញវាយតម្លៃហានិភ័យ និងអង្កេតគ្រោះថ្នាក់ការងារ

ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ WRAP បានសហការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពី “ការវាយតម្លៃហានិភ័យការងារ និងការអង្កេតគ្រោះថ្នាក់ការងារ” ចំនួន២ថ្ងៃ គឺថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអធិការកិច្ចការងារ នាយកដ្ឋានសុវត្ថិភាព និងសុខភាពការងារ វិទ្យាស្ថានជាតិការងារ លោក Avedis Seferian ប្រធាន និងជានាយកប្រតិបត្តិរបស់អង្គការ WRAP តំណាងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីខេត្ត ដៃគូអភិវឌ្ឍន៍ និងសិក្ខាកាមប្រមាណជាង១០០នាក់។ វគ្គបណ្តុះបណ្តាល ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី សួស ស៊ីនួន អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពរបស់អធិការការងារ និងអធិការពេទ្យការងារ…

ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ WRAP បានសហការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពី “ការវាយតម្លៃហានិភ័យការងារ និងការអង្កេតគ្រោះថ្នាក់ការងារ” ចំនួន២ថ្ងៃ គឺថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអធិការកិច្ចការងារ នាយកដ្ឋានសុវត្ថិភាព និងសុខភាពការងារ វិទ្យាស្ថានជាតិការងារ លោក Avedis Seferian ប្រធាន និងជានាយកប្រតិបត្តិរបស់អង្គការ WRAP តំណាងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីខេត្ត ដៃគូអភិវឌ្ឍន៍ និងសិក្ខាកាមប្រមាណជាង១០០នាក់។

វគ្គបណ្តុះបណ្តាល ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី សួស ស៊ីនួន អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគោលបំណងពង្រឹងចំណេះដឹង និងសមត្ថភាពរបស់អធិការការងារ និងអធិការពេទ្យការងារ លើការវាយតម្លៃហានិភ័យការងារ និងការអង្កេតគ្រោះថ្នាក់ការងារ សំដៅកំណត់ និងទប់ស្កាត់ហានិភ័យ កំណត់រកមូលហេតុឫសគល់នៃគ្រោះថ្នាក់ ព្រមទាំងដាក់ចេញវិធានការបង្ការ ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ ព្រមទាំងសុខុមាលភាពកម្មករនិយោជិត។

ថ្លែងទៅកាន់អង្គពិធី លោកស្រី​ មានប្រសាសន៍ថា ការស្វែងយល់កាន់តែស៊ីម្រៅពីការវាយតម្លៃហានិភ័យការងារ និងការអង្កេតគ្រោះថ្នាក់ការងារ ពិតជាមានសារៈសំខាន់សម្រាប់អធិការការងារ និងអធិការពេទ្យការងារ ដើម្បីបំពេញបេសកកម្មរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព។ ការវាយតម្លៃហានិភ័យការងារនេះ ជួយគាំទ្រដល់អធិការការងារ និងអធិការពេទ្យការងារ ក្នុងផ្ទៀងផ្ទាត់ ថាតើនិយោជកបានរៀបចំការវាយតម្លៃហានិភ័យគ្រប់ជ្រុងជ្រោយដែរឬទេ និងត្រួតពិនិត្យឡើងវិញអំពីរបាយការណ៍វាយតម្លៃហានិភ័យការងារ កម្រិតគ្រោះថ្នាក់ដែលអាចទទួលយកបាន និងវិធានការគ្រប់គ្រងគ្រោះថ្នាក់របស់សហគ្រាសផងដែរ។ ដោយឡែក ការអង្កេតគ្រោះថ្នាក់ការងារ ជាដំណើរការមួយស្វែងរកមូលហេតុពិតប្រាកដនៃឧបទ្ទវហេតុដែលបានកើតឡើងនៅកន្លែងធ្វើការ និងទប់ស្កាត់ករណីទាំងនោះមិនឱ្យកើតឡើងសារជាថ្មីម្តងទៀត។

លោកស្រី​បានលើកឡើងថា ដើម្បីបង្កើតវប្បធម៌អនុលោមភាព ការបង្ការហានិភ័យ និងធានាបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសុខភាពល្អសម្រាប់កម្មករនិយោជិត ក្រសួងការងារ បន្តពង្រឹងការអនុវត្តគោលនយោបាយពាក់ព័ន្ធ ដោយចាត់ទុកការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ ជាអាទិភាពសំខាន់ ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបានចក្ខុវិស័យ “គ្រប់កន្លែងធ្វើការមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារត្រឹមត្រូវ ដើម្បីលុបបំបាត់គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ”។ ទន្ទឹមនេះ ក្រសួងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដើម្បីពង្រឹងការការពារកម្មករនិយោជិត បង្ការគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ព្រមទាំងបង្កើនផលិតភាពការងារ។

លើសពីនេះ ក្រសួងក៏បានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ក្រោមជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដើម្បីបង្កើនសមត្ថភាពនិយោជក កម្មករនិយោជិត និងអ្នកជំនាញ តាមរយៈការបណ្តុះបណ្តាលទ្រឹស្តី និងការអនុវត្តជាក់ស្តែង ព្រមទាំងបានសហការជាមួយអង្គការ ILO និងដៃគូអភិវឌ្ឍន៍អន្តរជាតិ ក្នុងការកសាងសមត្ថភាពអធិការការងារថ្នាក់រាជធានី-ខេត្ត រួមទាំងការបណ្តុះបណ្តាលអំពីការវាយតម្លៃហានិភ័យនៅកន្លែងធ្វើការ។

លោកស្រីបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យចូលរួមយ៉ាងសកម្ម ដោយក្តាប់យកកាលានុវត្តភាពនេះ ដើម្បីស្វែងយល់បន្ថែមពីប្រធានបទ តាមរយៈការសាកសួរ និងការចែករំលែកបទពិសោធជាមួយគ្រូបង្គោល ព្រមទាំងសង្ឃឹមយ៉ាងមុតមាំថា ការបណ្តុះបណ្តាលនេះ នឹងផ្តល់នូវចំណេះដឹង បទពិសោធ និងជំនាញអនុវត្តជាក់ស្តែងយ៉ាងច្រើនដល់សិក្ខាកាមទាំងអស់៕

To Top