ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ទៀ សីហា ៖ កម្ពុជា នៅតែរក្សាបានលំដាប់ល្អ លើឆាកអន្តរជាតិ ចំពោះការបោសសំអាតមីន

កំពង់ស្ពឺ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា ចំពោះការបោសសំអាតមីន កម្ពុជានៅតែរក្សាបានលំដាប់ល្អលើឆាកអន្តរជាតិ ដោយទទួលបានការវាយតម្លៃខ្ពស់ ពីអង្គការសហប្រជាជាតិ។

ការឱ្យដឹងរបស់ នាយឧត្តមសេនីយ៍ ទៀ សីហា នាឱកាសអញ្ជើញចូលរួមពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦។

លោក ឧបនាយករដ្ឋមន្ត្រី សីហា បន្ដថា ការចូលរួមបេសកកម្មរក្សាសន្តិភាព គឺជាភារកិច្ចមួយដ៏ឧត្ដុង្គឧត្តមស្របតាមរដ្ឋធម្មនុញ្ញ ដែលរួមចំណែកធ្វើឱ្យពិភពលោកកោតស្ញប់ស្ញែង, កិត្យានុភាពរបស់កម្ពុជា ត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ ទង់ជាតិកម្ពុជាត្រូវបានបង្ហូតយ៉ាងខ្ពស់ត្រដែត ស្មើមុខស្មើមាត់ ស្មើសិទ្ធិ ស្មើភាព ជាមួយបណ្តាប្រទេសដែលបានបរិច្ចាគកងកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព អ.ស.ប។

លោក ឧបនាយករដ្ឋមន្ត្រី បន្ថែមថា ក្នុងឆ្នាំ២០២៦នេះ អង្គការសហប្រជាជាតិ បានវាយតម្លៃថា កម្ពុជាជាប្រទេសជាប់លំដាប់លេខរៀងទី២៦ លើ១១៤ ដែលបានបរិច្ចាគកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព និងជាប់លេខ៣ ក្នុងសហគមន៍អាស៊ាន ព្រមទាំងស្ថិតនៅលេខរៀងទី១៧/១១៤ ជាប្រទេសបានបញ្ជូនកម្លាំងជានារីច្រើន និងលេខរៀងទី២ ក្នុងសហគមន៍អាស៊ានផងដែរ។

លោក ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ចំពោះការបោសសំអាតមីន កម្ពុជានៅតែរក្សាបានលំដាប់ល្អលើឆាកអន្តរជាតិ ដោយទទួលបានការវាយតម្លៃខ្ពស់ពីឯកឧត្តម អ៊ែរវេ ឡាដស៊ូស (Herves Ladsous) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ»។

ទន្ទឹមនេះ លោក ម៉ូរីស ស្ត្រង (Mourie Strong) អតីតអគ្គលេខាធិការរង អ.ស.ប បានវាយតម្លៃថា កងបោសសំអាតមីនកម្ពុជា នៅលីបង់ និងស៊ូដង់ ជាអង្គភាពដោះមីនមានបច្ចេកទេសខ្ពស់ និងស្ទាត់ជំនាញ ប្រកបដោយសមត្ថភាពខ្ពស់ ហើយបានផ្តល់ចំណាត់ថ្នាក់ជាអង្គភាពគំរូល្អជាងគេ ព្រមទាំងបានជំរុញឱ្យបណ្តាប្រទេសផ្សេងៗ ក្នុងតំបន់បេសកកម្មមកធ្វើទស្សនកិច្ចសិក្សា រៀនសូត្រ ដកបទពិសោធន៍ពីបច្ចេកទេសបោសសំអាតមីនពីកងកម្ពុជា។

សូមរំលឹកថា ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៦ បេសកកម្មទាំងអស់ បានបញ្ចប់ និងកំពុងដំណើរការមាន ១០ប្រទេសស្មើនឹង ១២បេសកកម្ម ស្មើនឹងចំនួន ៧៤កង និងនាយទាហានសេនាធិការ/សង្កេតការណ៍ មានកម្លាំងសរុប ១០ ៧២៧នាក់ នារី ១ ០៥៣នាក់៕

To Top