ព័ត៌មានជាតិ

រាជរដ្ឋាភិបាល គ្រោងចំណាយថវិកា ថ្នាក់ជាតិឆ្នាំ២០២៧ ឱ្យស្ថិតក្នុងកម្រិត ៣៩ ៧០០ប៊ីលានរៀល កើន៣,២% ធៀបនឹងឆ្នាំ២០២៦

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា រាជរដ្ឋាភិបាល គ្រោងនឹងចំណាយថវិកា ថ្នាក់ជាតិឆ្នាំ២០២៧ សរុបឱ្យស្ថិតក្នុងកម្រិតចំនួន ៣៩ ៧០០ប៊ីលានរៀល ត្រូវជា ១៦,៥៧% នៃផ.ស.ស. ឬកើនចំនួន ៣,២% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦​ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) ដោយបានពិភាក្សា និង សម្រេចរបៀបវារៈសំខាន់ៗ ចំនួន៤ ។

បើតាមរបៀបវារៈទី២ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ​ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ បានឱ្យដឹងថា​ ថវិកាឆ្នាំ២០២៧ ត្រូវបាន ប្រសិទ្ធនាមថាជា «ថវិកាដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី រក្សាលំនឹងជីវភាពប្រជាជន និងគាំពារ កំណើនចំគោលដៅ ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្ពស់ ដោយធានានូវលទ្ធភាពឆ្លើយតបគ្រប់គ្រាន់ និង ចីរភាពហិរញ្ញវត្ថុសាធារណៈ» ។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី វាយតម្លៃថា សម្រាប់ឆ្នាំ២០២៧ ចំណូលថវិកាថ្នាក់ជាតិ​ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល ត្រូវជា ១៣,៤៩% នៃផ.ស.ស. ឬកើនឡើងចំនួន ៦,៧% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ ចំណូលថវិកាថ្នាក់ក្រោមជាតិ ត្រូវបានគ្រោងចំនួន ២ ៨១៩ប៊ីលានរៀល មានសមាមាត្រស្មើនឹង ៨% នៃចំណូលសរុបរបស់ថវិការដ្ឋត្រូវជា ១,១៨% នៃផ.ស.ស.។ តាមការវាយតម្លៃសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងអត្រា ប្រមាណ ៤,០% ក្នុងឆ្នាំ២០២៦ និង ៤,៨% ក្នុងឆ្នាំ២០២៧ ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនដល់ ៣ ២៧៧ដុល្លារអាម៉េរិក បើធៀបនឹងប្រមាណ ៣ ០៩៨ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៦។

ជាមួយគ្នានេះ កំណើន សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៧ ត្រូវបានគាំទ្រ ដោយវិស័យ និងអនុវិស័យជាចន្ទល់ជំរុញកំណើន រួមមាន ១. វិស័យ ឧស្សាហកម្ម (អនុវិស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ ផលិតកម្មម្ហូបអាហារនិងភេសជ្ជៈ និងថ្នាំជក់) ២. វិស័យសេវាកម្ម (អនុវិស័យបដិសណ្ឋារកិច្ចនិងសេវាកម្មម្ហូបអាហារ លក់ដុំ-រាយ ដឹកជញ្ជូននិងស្តុក និង បច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍) និង ៣. វិស័យកសិកម្ម (អនុវិស័យដំណាំ ចិញ្ចឹមសត្វ និងនេសាទ)។

ទន្ទឹមនេះ ថវិកាថ្នាក់ជាតិឆ្នាំ២០២៧ មានទិសដៅជាយុទ្ធសាស្ត្រ​ កំណត់ចំណាយសរុប ឱ្យស្ថិតក្នុងកម្រិតចំនួន ៣៩ ៧០០ប៊ីលានរៀល ត្រូវជា ១៦,៥៧% នៃផ.ស.ស. ឬកើនចំនួន ៣,២% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ រីឯចំណាយថវិកាថ្នាក់ក្រោមជាតិ ត្រូវបានគ្រោងចំនួន ៥ ០៦៨ប៊ីលានរៀល មានសមាមាត្រស្មើនឹង ១១,៩% នៃចំណាយសរុបថវិការដ្ឋត្រូវជា ២,១២% នៃផ.ស.ស.៕

To Top