ព័ត៌មានជាតិ

សម្ដេចធិបតី ៖ កងទ័ពមួយខៀវកម្ពុជា គោរពវិន័យល្អនៅគ្រប់កន្លែង ប្រតិបត្តិការនៅទូទាំងសកលលោក

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា កងទ័ពមួកខៀវកម្ពុជាបំពេញ បេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ អង្គការសហប្រជាជាតិ (UN)តែងបង្ហាញសមត្ថភាព គោរពវិន័យយ៉ាងម៉ឺងម៉ាត់ និងរក្សាបានមិត្តភាព សាមគ្គីភាពល្អនៅគ្រប់កន្លែងប្រតិបត្តិការ ។

ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកងយោធពលខេមរភូមិន្ទ ចូលរួមបេសកកម្មរក្សាសន្តិភាព UN នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា ក្នុងពេលបំពេញបេសកកម្មសន្តិភាពអង្គការសហប្រជាជាតិ កងយោធពលខេមរភូមិន្ទបានគោរពវិន័យ និងសេចក្ដីថ្លៃថ្នូរបស់ប្រទេសជាតិ ។

សម្តេចធិបតីបន្តថា “ខ្ញុំសូមយកឱកាសនេះ សូមកោតសរសើរដ៏ស្មោះចំពោះស្នាដៃនិងវីរភាពដែលតែងតែ បង្ហាញសមត្ថភាព វិជ្ជាជីវៈ ការគោរពវិន័យយ៉ាងម៉ឺងម៉ាត់ ការរក្សាបាននូវមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អនៅគ្រប់កន្លែងប្រតិបត្តិការ ក្នុងពេលបំពេញបេសកកម្មសន្តិភាពអង្គការសហប្រជាជាតិ ជាពិសេស ការការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់ប្រទេសជាតិ របស់កងយោធពលខេមរភូមិន្ទ របស់ពលរដ្ឋយើង” ។

ជាមួយនឹងការកោតសរសើរនេះ សម្តេចធិបតីក៏មិនភ្លេចកោតសរសើរដល់ក្រសួងការពារជាតិ និងប្រធានគណៈកម្មាធិការជាតិ ក្នុងការសម្របសម្រួលដឹកនាំជ្រើសរើស ហ្វឹកហាត់ បំពាក់ឧបករណ៍សម្ភារ និងបញ្ជូនកងទ័ពកម្ពុជាចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ប្រកបដោយជោគជ័យ ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ។

ទន្ទឹមនឹងនេះ សម្ដេចធិបតីក៏បានថ្លែងអំណរអរគុណមិត្តបរទេសទាំងអស់ ពិសេស អូស្ត្រាលី ឥណ្ឌា អាម៉េរិក បារាំង ជប៉ុន ចិន កូរ៉េខាងត្បូង និងរុស្ស៊ី ដែលបានជួយហ្វឹកហាត់បំពាក់បំប៉នទាំងជំនាញ និងភាសា និងឧបត្ថម្ភសម្ភារហ្វឹកហ្វឺន ដើម្បីលើកកម្ពស់កម្រិតសមត្ថភាពកម្លាំងជាតិកម្ពុជាស្របតាមស្ដង់ដាររបស់អង្គការសហប្រជាជាតិ៕

To Top