ព័ត៌មានជាតិ

សម្តេចធិបតី ៖ មានយុវជនជាង ១ម៉ឺននាក់ បានមកដាក់ពាក្យ ចូលកាតព្វកិច្ចយោធា រយៈពេល ១៣ថ្ងៃ

កំពង់ស្ពឺ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេល ១៣ថ្ងៃ នៃការទទួលពាក្យចុះឈ្មោះចូលកាតព្វកិច្ចយោធា គឺមានយុវជនរហូតដល់ជាង ១ម៉ឺននាក់ នៅទូទាំងប្រទេស បានទៅដាក់ពាក្យចូលកាតព្វកិច្ចយោធា។

ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាល នៅនីតិកាលទី៧ បាននឹងកំពុងបន្តជំរុញការកែទម្រង់ការពារជាតិឲ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចធិបតី បន្ដថា អភិក្រមនៅក្នុងការកែទម្រង់របស់រាជរដ្ឋាភិបាល គឺផ្អែកទៅលើកំណែទម្រង់ដើម្បីពង្រឹងខាងក្នុង និងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រីកមិត្តខាងក្រៅ។ សម្ដេច ថា ការធ្វើកំណែទម្រង់ពង្រឹងសមត្ថភាពកងទ័ព គឺជាការចាំបាច់។

សម្ដេចធិបតី បន្ថែមថា ការធ្វើកំណែទម្រង់ទំនើបកម្មរចនាសម្ព័ន្ធ ការហ្វឹកហ្វឺន និងគ្រឿងបំពាក់ ការអនុវត្តច្បាប់កាតព្វកិច្ចយោធាដែលគ្រោងបើកវគ្គដំបូងនៅដើមខែវិច្ឆិកា។

សម្ដេច មានប្រសាសន៍ថា «ពោល គឺយើងកំណត់យកថ្ងៃទី ៩ វិច្ឆិកា ដែលត្រូវជាថ្ងៃកំណើតកងទ័ព និងថ្ងៃបុណ្យឯករាជ្យជាតិរបស់យើង គឺជាថ្ងៃដែលចាប់ផ្ដើមអនុវត្តនូវគោលការណ៍ និងការអនុវត្តច្បាប់កាតព្វកិច្ចជាប្រវត្តិសាស្ត្រ ដើម្បីចូលរួមក្នុងការពង្រឹងកងទ័ពរបស់យើងនេះ។ យើងបន្ដរើសរាល់ឆ្នាំ តាមតម្រូវការជាក់ស្ដែងរបស់កងទ័ព»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ក្នុងន័យនេះ ខ្ញុំ សូមសរសើរលើកទឹកចិត្តទៅដល់យុវជនរបស់យើង ដែលក្នុងរយៈពេល ១៣ថ្ងៃ ជាង ១ម៉ឺន ៥ពាន់នាក់ បានធ្វើការដាក់ពាក្យ ហើយក្រសួងការពារជាតិ នឹងធ្វើសេចក្ដីសម្រេច នៅក្នុងតម្រូវការជាក់ស្ដែងឆ្នាំនេះ និងបន្ដបន្ទាប់ទៀត»។

សូមរំលឹកថា ក្រសួងការពារជាតិ បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរមានអាយុ ១៨ឆ្នាំ ដល់ ២៥ ឆ្នាំ អញ្ជើញទៅទទួលពាក្យ និងដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធាតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា។ ដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ជាកិត្តិយស និងកាតព្វកិច្ចរបស់យុវជនខ្មែរគ្រប់រូប៕

To Top