ព័ត៌មានជាតិ

ខ្មែរជួយខ្មែរ រួមគ្នាស្វែងរកការងារ និងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋខ្មែរ វេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំនៅស្រុកក្រគរ ខេត្តពោធិ៍សាត់

ពោធិ៍សាត់ ៖ វេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅសាលាស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីផ្សព្វផ្សាយឱកាសការងារ និងជំរុញការចូលរួមពីសំណាក់និយោជក និងអ្នកស្វែងរកការងារធ្វើនៅក្នុងស្រុក។

ក្នុងឱកាសនេះ លោកជំទាវ សៅ ស្រីពៅ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា តំណាងឱ្យឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានចូលរួមក្នុងវេទិកានេះ ដើម្បីចូលរួមផ្សព្វផ្សាយអំពីឱកាសការងារ សេវាសន្តិសុខសង្គម និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនប្រជាពលរដ្ឋ។
វេទិកានេះមានគោលបំណងជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការស្វែងរកការងារដែលសមស្របនឹងសមត្ថភាព និងជំនាញរបស់ខ្លួន ព្រមទាំងលើកទឹកចិត្តដល់និយោជក និងសហគ្រាសនានា ឱ្យចូលរួមផ្តល់ឱកាសការងារដល់កម្លាំងពលកម្មក្នុងស្រុក ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពគ្រួសារ និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

ជាមួយគ្នានេះ ការផ្សព្វផ្សាយ អំពីសេវាសន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ជាផ្នែកសំខាន់ក្នុងការជួយ ឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានត្រឹមត្រូវអំពីសិទ្ធិការងារ និងឱកាសបង្កើនជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។
សកម្មភាពនេះបានបង្ហាញពីសារៈសំខាន់នៃការរួមគ្នារវាងស្ថាប័នពាក់ព័ន្ធ និយោជក និងប្រជាពលរដ្ឋ ក្នុងការបង្កើតឱកាសការងារក្នុងស្រុក ក្រោមស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរមានការងារធ្វើ មានប្រាក់ចំណូលសមរម្យ និងជីវភាពកាន់តែប្រសើរឡើង។

អត្ថបទនេះដោយ ÷ ខេម៉ា / ដើមអម្ពិល

To Top