កម្ពុជា ជំរុញប្រព័ន្ធទទួលស្គាល់មន្ទីរពិសោធន៍ ដើម្បីពង្រឹងគុណភាពនៃការវិភាគម្ហូបអាហារ
ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការមន្ទីរពិសោធន៍វិភាគម្ហូបអាហារ កំពុងជំរុញការអភិវឌ្ឍប្រព័ន្ធទទួលស្គាល់មន្ទីរពិសោធន៍រដ្ឋ និងឯកជន ដើម្បីពង្រឹងទំនុកចិត្តលើលទ្ធផលតេស្ត និងពង្រីកសេវាធ្វើតេស្ត ឱ្យកាន់តែខិតជិតតំបន់កែច្នៃ និងតំបន់ទេសចរណ៍សំខាន់ៗ។

ថ្លែងក្នុងកិច្ចប្រជុំលើកទី៥ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការមន្ទីរពិសោធន៍វិភាគម្ហូបអាហារ បានជំរុញឱ្យពន្លឿនដំណើរការដាក់ពាក្យ ដោយមានគោលដៅដំបូង កំណត់មន្ទីរពិសោធន៍យោងយ៉ាងហោចណាស់១ និងមន្ទីរពិសោធន៍ផ្លូវការ២ ឬ៣។
លោក រដ្ឋមន្ត្រី បានលើកឡើងថា «អ្វីដែលយើងចង់បានគឺថា បើមិនទាន់បានទូទាំងព្រះរាជាណាចក្រ ក៏យ៉ាងហោចយើងមានមន្ទីរពិសោធន៍ដែលបម្រើតំបន់សំខាន់ៗ ដូចជាមជ្ឈមណ្ឌលកែច្នៃ និងតំបន់ទេសចរណ៍ធំៗ»។
លោក បានបញ្ជាក់ថា ការពង្រីកសេវាមន្ទីរពិសោធន៍នៅតាមតំបន់ទាំងនេះ នឹងជួយឱ្យធុរជនអាចទទួលបានសេវាធ្វើតេស្តនៅកៀកមូលដ្ឋាន ដោយមិនចាំបាច់នាំយកសំណាកមកធ្វើពិសោធន៍នៅរាជធានីភ្នំពេញ។
លោក បានសង្កត់ធ្ងន់ថា ការទទួលស្គាល់ការកំណត់ជាមន្ទីរពិសោធន៍យោង ឬមន្ទីរពិសោធន៍ផ្លូវការ អាចជួយបង្កើនទំនុកចិត្ត ទាក់ទាញអតិថិជន និងពង្រីកឱកាសរកប្រាក់ចំណូលរបស់មន្ទីរពិសោធន៍។ កិច្ចការនេះក៏រួមចំណែកពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងគាំទ្រការនាំចេញ តាមរយៈការបង្កើនភាពជឿទុកចិត្តលើលទ្ធផលតេស្តពីកម្ពុជា៕
