Feature

លោក ឃួន ផុនរតនៈ ចូលរួមសម្ពោធ ASEAN-Korea Startup Week 2026 នៅសេអ៊ូល

ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធកម្មវិធី ASEAN-Korea Startup Week 2026 ដែលរៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (ASEAN-Korea Centre AKC) ទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក Kim Jae-shin អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ឯកអគ្គរាជទូត/រដ្ឋទូតនៃបណ្តាប្រទេសអាស៊ានទាំង ១១ និងតំណាងក្រុមហ៊ុនពីប្រទេសអាស៊ាន ដែលទើបចាប់ផ្តើមអាជីវកម្ម (Startups) ចំនួន ៣០ ក្រុមហ៊ុន ។ ក្នុងនោះក៏មានតំណាងក្រុមហ៊ុនមកពីប្រទេសកម្ពុជាចំនួន៣ផងដែរ។

កម្មវិធី ASEAN-Korea Startup Week 2026 មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ច និងនវានុវត្តន៍រវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដោយផ្លាស់ប្តូរការធ្វើបទបង្ហាញស្វែងរកការវិនិយោគ បែបប្រពៃណី ទៅជាការពង្រឹងសមត្ថភាពអាជីវកម្មក្នុងលក្ខណៈស៊ីជម្រៅ តាមរយៈការផ្តល់ការណែនាំ និងប្រឹក្សាយោបល់ពីអ្នកជំនាញ ការស្វែងរកដៃគូអាជីវកម្ម និងការតភ្ជាប់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មដែលមាននវានុវត្តន៍មកពីប្រទេសអាស៊ាន ជាមួយវិនិយោគិន និងស្ថាប័នជំរុញអាជីវកម្ម នៅសាធារណរដ្ឋកូរ៉េ។

ជាមួយគ្នានេះ កម្មវិធីក៏មានការរៀបចំដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសំខាន់ៗរបស់សាធារណរដ្ឋកូរ៉េ រួមមាន ៖ ទីក្រុងសេអ៊ូល (Seoul) និងទីក្រុងថេហ្គូ (Daegu) ដើម្បីផ្តល់ឱកាសដល់ក្រុមហ៊ុនស្វែងយល់អំពីប្រព័ន្ធអេកូឡូស៊ីធុរកិច្ច និងនវានុវត្តន៍របស់កូរ៉េ ក្នុងការពង្រីកបណ្តាញទំនាក់ទំនង និងស្វែងរកឱកាសសហការជាមួយដៃគូអាជីវកម្ម និងវិនិយោគិនកូរ៉េ៕

To Top