យោធាថៃ ចូលមកឈូសឆាយ សាងសង់ផ្លូវ នៅតំបន់តាទុំ ស្រុកអន្លង់វែង
ភ្នំពេញ ៖ ក្រសួងការបរទេសខ្មែរបានប្រកាសឱ្យដឹងថា យោធាថៃបានបំពានទាំងគឃ្លើនចូលមកឈូសឆាយសាងសង់ផ្លូវនៅតំបន់តាទុំ ស្រុកអន្លង់វែង និងបានបាញ់ថ្នាំពណ៌ក្រហមលើដើមឈើ នៅចន្លោះបង្គោលព្រំដែនលេខ១០ និងលេខ១១ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការបន្ថែមទៀត ចំពោះការបន្តរំលោភបំពានជាបន្តបន្ទាប់ របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្តោយព្រំដែន ។
សេចក្តីប្រកាសក្រសួងបញ្ជាក់ថា ជាក់ស្តែងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ឈូសឆាយសាងសង់ផ្លូវនៅតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចន្លោះបង្គោលព្រំដែនលេខ៩ លេខ ១០ និងលេខ១១។ បន្ទាប់មក នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃនេះ ក៏បានបាញ់ ថ្នាំពណ៌ក្រហមលើដើមឈើ នៅចន្លោះបង្គោលព្រំដែនលេខ១០ និងលេខ១១ ដើម្បីត្រៀមរៀបចំការបន្តសាង សង់ផ្លូវបន្ថែមទៀត នៅតំបន់នេះដដែល ។
ក្រសួងអះអាងថា រាជរដ្ឋាភិបាលកម្ពុជាតវ៉ាយ៉ាងខ្លាំងប្រឆាំង នឹងសកម្មភាពខាងលើ ដែលជាការបំពានយ៉ាងច្បាស់លើ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និង ខណ្ឌសីមា ដោយផែនទីខ្នាត ១លើ២០០.០០០ ផលិតដោយគណៈកម្មការ កំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ។
ក្រសួងសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះ ក៏រំលោភបំពានផងដែរលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការជាច (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕
