Feature

ក្រសួងការងារ ផ្សព្វផ្សាយឱកាសការងារជិត ៩ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនដល់អតីតពលករនៅស្រុកឆ្លូង ខេត្តក្រចេះ

ក្រចេះ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារក្នុងស្រុកជិត ៩ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្តល់ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកឆ្លូង ខេត្តក្រចេះ។

ថ្លែងក្នុងវេទិកាក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ដែលមានអ្នកចូលរួមជាង ៥០០នាក់ លោក​ អ៊ុក ដារ៉ា អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបានជួយសម្រួលបងប្អូនអតីតពលករ ដោយផ្តល់ជូនមធ្យោបាយធ្វើដំណើរទៅស្រុកកំណើត អាហារសម្រន់ ព័ត៌មានការងារ និងជួយចុះឈ្មោះស្វែងរកការងារធ្វើក្នុងស្រុក។ ពេលនេះក៏បាននាំយកឱកាសការងារក្នុងស្រុកជិត ៣ពាន់ន្លែង ក្នុងចំណោមការងារជិត ៩ម៉ឺននៅទូទាំងប្រទេសមកផ្សព្វផ្សាយដល់មូលដ្ឋាន ដើម្បីចុះឈ្មោះ សម្ភាស ទទួលបានការងារភ្លាមៗ។

លោកបានលើកទឹកចិត្តឱ្យបងប្អូនទទួលយកឱកាសការងារក្នុងស្រុកទាំងនេះ ដោយសូមកុំទុកពេលវេលាចោល ដែលនាំឱ្យខាតបង់ទាំងចំណូលផងដែរ។ លោកបានធ្វើការប្រៀបធៀបពីការងារចំណាកស្រុកខុសច្បាប់នៅថៃ និងការងារក្នុងស្រុក។ ក្រៅពីប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ ការងារក្នុងស្រុកផ្តល់នូវអត្ថប្រយោជន៍ពី ប.ស.ស. ដូចជា៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន។ ចំណែកឯ ការងារចំណាកស្រុកប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព អំពើហិង្សា ការរើសអើង និងរស់នៅឆ្ងាយពីគ្រួសារ។

ក្នុងករណីដែលចង់ទៅធ្វើការនៅក្រៅប្រទេស លោកបានលើកទឹកចិត្តឱ្យបងប្អូនចុះឈ្មោះទៅធ្វើការនៅប្រទេសផ្សេងដោយស្របច្បាប់ដែលផ្តល់ប្រាក់ខែ និងមានសុវត្ថិភាពខ្ពស់ជាងប្រទេសថៃ។ ទន្ទឹមនេះ អតីតពលករ និងយុវជន ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនូវវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស តាមរយៈកម្មវិធី TVET ១,៥លានជាមួយនឹងជម្រើសម៉ោងសិក្សាបត់បែន ដូចជា៖ ផ្នែកសំណង់ ជួសជុលបរិក្ខារត្រជាក់ គ្រឿងអគ្គិសនី ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម។ ក្រោយពីបញ្ចប់ការសិក្សា បងប្អូនអាចបង្កើតមុខរបរដោយខ្លួនឯង ឬរកការងារធ្វើជាមួយប្រាក់ខែខ្ពស់ជាងមុន។

លោកក៏បានសំណូមពរឱ្យបងប្អូនជួយផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនដល់សមាជិកគ្រួសារ សាច់ញាតិ និងមិត្តភក្តិបន្តទៀត។ បើមានបំណងសាកសួរព័ត៌មានបន្ថែម សូមទាក់ទងលេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។

សូមបញ្ជាក់ថា ឱកាសការងារទាំងនេះ ត្រូវបានផ្តល់ដោយក្រុមហ៊ុន ថាកូ អាហ្រ្គី រោងចក្រ លានហ្វា ហេងយូ (ខេមបូឌា) ហ្គាម៉ិន, រោងចក្រ ប៉ូលស្តារ (ខេមបូឌា) ហ្គាម៉ិន ឯ.ក, រោងចក្រ តៃអ៊ីហ្ស៊ី អិនធើណេហ្សិនណល ខូអិលធីឌី និងរោងចក្រ មីនេបៀ (ខេមបូឌា) ព្រមទាំងក្រុមហ៊ុន មង្គល អេចអ ដែលជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅប្រទេសជប៉ុន៕

To Top