ស្ថានទូតព្រីតថេនយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យអប់រំកម្ពុជា
ភ្នំពេញ ៖ លោកហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា ស្ថានទូតព្រីតថេនប្រចាំកម្ពុជាតែងតែយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យអប់រំ យុវជន និងកីឡានៅកម្ពុជា។

ជំនួបសម្តែងការគួរសមជាមួយគណៈប្រតិភូ UK Mission to ASEAN និងការិយាល័យការបរទេស សហគមន៍ និងការអភិវឌ្ឍនៃចក្រភពអង់គ្លេស ក្រោមកិច្ចសម្របសម្រួលរបស់ស្ថានទូតព្រីតថេនប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន ថ្លែងថា ក្រៅពីការលើកកម្ពស់វិស័យអប់រំ ស្ថានទូតព្រីតថេនក៏មានកិច្ចសហប្រតិបត្តិការដ៏ល្អលើគម្រោងធំៗជាច្រើនដូចជា ៖ កម្មវិធីគាំទ្រការសិក្សាមូលដ្ឋាន ដើម្បីលើកកម្ពស់ការអប់រំបឋម និងកុមារីដែលជួបការលំបាក , ការអភិវឌ្ឍការអប់រំឌីជីថល និងSTEM , កិច្ចព្រមព្រៀងដៃគូអប់រំ និងអាហារូបករណ៍ និងកិច្ចសហប្រតិបត្តិការផ្នែកកីឡា និងយុវជនអាស៊ាន ព្រមទាំងគម្រោងអប់រំជាច្រើនទៀត។

លោកថា បច្ចុប្បន្នក្រសួងកំពុងផ្តោតអាទិភាពលើការបន្តកំណែទម្រង់ការបណ្ដុះបណ្ដាលគ្រូ ការបង្កើនគុណវុឌ្ឍិគ្រូបង្រៀនចេញថ្មីឱ្យឆ្លើយតបការអប់រំសតវត្សទី២១ និងស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន ។ ក្នុងនោះ ក៏ពង្រឹងការអប់រំកុមារតូច លើកកម្ពស់អត្រាចូលរៀន កាត់បន្ថយអត្រាបោះបង់ ពង្រឹងមូលដ្ឋានគ្រឹះចំណេះដឹង លើកកម្ពស់លទ្ធផលសិក្សាសិស្សតាមរយៈ ការអនុវត្តកញ្ចប់អំណានដំបូង និងគណិតវិទ្យាដំបូង ដោយផ្សារភ្ជាប់នឹងការអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗ និងការធ្វើទំនើបកម្មកម្មវិធីសិក្សាគ្រប់កម្រិត។

រដ្ឋមន្រ្តីបន្ថែមថា ក្រសួងក៏បន្តពង្រឹងនិងពង្រីកការអនុវត្តសាលារៀនជំនាន់ថ្មី និងស្តង់ដាសាលារៀនគំរូដើម្បីលើកកម្ពស់លទ្ធផលសិក្សាសិស្ស ជំរុញភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ អនុវត្តគន្លងអប់រំថ្មី និងបន្តធ្វើកំណែទម្រង់ឧត្តមសិក្សា ស្របតាមស្តង់ដាថ្នាក់តំបន់ និងអន្តរជាតិ និងគម្រោងអប់រំជាច្រើនទៀតដើម្បីលើកកម្ពស់ការអប់រំ STEM ឆ្លើយតបនឹងការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត និងទីផ្សារការងារ៕
