ព័ត៌មានជាតិ

អគ្គិភ័យនៅរោងចក្រ YTC ក្នុងខេត្តកំពង់ស្ពឺ៖ កម្មករមានសុវត្ថិភាព ហើយអគ្គិភ័យត្រូវបាន គ្រប់គ្រងទាំងស្រុង

កំពង់ស្ពឺ៖ តាមរបាយការណ៍បឋម កម្មករនិយោជិតនៅរោងចក្រ វ៉ាយ ធី ស៊ី ខបប៉ូរេសិន (YTC CORPORATION) ស្ថិតក្នុងឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានសុវត្ថិភាព និងពុំមានអ្នករងរបួសឡើយ បន្ទាប់ពីអគ្គិភ័យបានឆាបឆេះទីតាំងស្តុកក្រណាត់ នៅវេលាម៉ោង២រសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ «សុវត្ថិភាពរបស់បងប្អូនកម្មករនិយោជិត គឺជាអាទិភាពចម្បងរបស់ក្រសួង។ ថ្នាក់ដឹកនាំ និងក្រុមការងាររបស់ក្រសួង មន្ទីរការងារ និង ប.ស.ស. បានចុះដល់ទីតាំងកើតហេតុភ្លាមៗ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន សម្របសម្រួលឱ្យបងប្អូនកម្មករចាកចេញពីរោងចក្រ និងត្រឡប់ទៅផ្ទះវិញ។ បងប្អូនកម្មកររបស់យើងមានសុវត្ថិភាព និងពុំមានអ្នករងរបួសឡើយ»។

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ក្រុមបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានគ្រប់គ្រងអគ្គិភ័យទាំងស្រុង និងទប់ស្កាត់មិនឱ្យរាលដាលទៅអគារផ្សេងទៀត។

ទោះជាយ៉ាងណា មន្ត្រីជំនាញមិនទាន់អាចសន្និដ្ឋានពីមូលហេតុនៃអគ្គិភ័យនេះបាននៅឡើយទេ៕

To Top