អ្នកនាំពាក្យ ៖ កង្វល់របស់បងប្អូន កម្មករនៅរោងចក្រ ខេមបូឌាន ខេឡៃយ៉ា ហ្គាម៉ិន ត្រូវបានដោះស្រាយបញ្ចប់ កាលពីថ្ងៃទី២៦ ម្សិលមិញ ខណៈកម្មករវិលចូលធ្វើការវិញ ជាធម្មតានៅថ្ងៃនេះ
កំពង់ស្ពឺ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ករណីក្រុមហ៊ុន ខេមបូឌាន ខេឡៃយ៉ា ហ្គាម៉ិន ឯ.ក មិនបានបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតតាមកាលកំណត់ ត្រូវបានដោះស្រាយបញ្ចប់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលរបស់មន្ត្រីជំនាញក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន។
បើតាមលោក ស៊ុន មេសា បងប្អូនកម្មករបានវិលចូលធ្វើការវិញជាធម្មតានៅថ្ងៃទី២៧ ខែតុលានេះ។

ការទាមទារនេះ បានកើតឡើងក្នុរោងចក្រដែលមានទីតាំងនៅភូមិត្រពាំងខ្នារ ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

លោក ស៊ុន មេសា បានគូសបញ្ជាក់ថា៖ «ក្រសួងយកចិត្តទុកដាក់ចំពោះបញ្ហាប្រាក់ឈ្នួលរបស់បងប្អូនកម្មករនិយោជិត ព្រោះប្រាក់ឈ្នួលជាចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ និងក្រុមគ្រួសារ។ ការសម្របសម្រួលដោះស្រាយករណីនេះ គឺដើម្បីការពារសិទ្ធិ និងអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិត ព្រមទាំងរក្សាទំនាក់ទំនងការងារល្អនៅក្នុងរោងចក្រ»។

អ្នកនាំពាក្យក្រសួងក៏បានអំពាវនាវឱ្យនិយោជកយកចិត្តទុកដាក់បើកប្រាក់ឈ្នួលជូនកម្មករនិយោជិតឱ្យបានទៀងទាត់តាមកាលកំណត់ និងឱ្យភាគីពាក់ព័ន្ធបន្តសហការដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងយន្តការសម្របសម្រួល៕





