សម្តេចតេជោ ៖ ព្រះមហាក្សត្រ កំពុងបំពេញព្រះរាជបូជនីយកិច្ច រក្សា និងលើកកម្ពស់សុខសន្តិភាព
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានគ្រងជាម្លប់ដ៏ត្រជាក់ត្រជំដែលកំពុងបំពេញព្រះរាជបូជនីយកិច្ច រក្សា និងលើកកម្ពស់សុខសន្តិភាព ។

ក្នុងសារក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីគ្រង ព្រះបរមសិរីរាជសម្បត្តិគម្រប់២២ព្រះវស្សា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៩ សម្តេចតេជោ មានប្រសាសន៍ថា ព្រះអង្គមានព្រះរាជសកម្មភាពដ៏មហាវិសេសវិសាលដែលជាម្លប់ដ៏ត្រជាក់ត្រជំថ្កើងថ្កាននៃអត្តសញ្ញាណជាតិ ។ សម្តេចបន្តថា ព្រះអង្គក៏បាននិងកំពុងបំពេញព្រះរាជ បូជនីយកិច្ច ដើម្បីបន្តថែរក្សា និងលើកកម្ពស់សុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជានុរាស្ត្ររួមរស់ប្រកបដោយសុខុមាលភាព សុភមង្គល និងភាពរីកចម្រើន។

សម្តេចតេជោបន្ថែម ព្រះករុណា គឺជាមហាក្សត្រ ដែលពោរពេញដោយព្រះរាជហឫទ័យខ្ពស់ ក្នុងការកសាងសម្ព័ន្ធភាព ជាមួយប្រទេសនានា ដើម្បីបង្ហាញទៅបណ្តាប្រទេស ក្នុងតំបន់ និងអន្តរជាតិ អំពីអច្ឆរិយភាពនៃព្រះរាជាណាចក្រកម្ពុជា និងជាការចងចំណងមិត្តភាពប្រកបដោយភាព ទន់ភ្លន់ ស្មោះត្រង់ និងភាពឆ្លាតវៃនៃវិបុលភាពរួម៕
