Feature

អតីតយុទ្ធជន ១៣គ្រួសារ នៅស្រុកភ្នំស្រុក ទទួលបានជម្រក និងដីបង្កបង្កើនផល

​បន្ទាយមានជ័យ ៖ អតីតយុទ្ធជនចំនួន ១៣គ្រួសារ នៅក្នុងមណ្ឌលតេជោសន្តិភាព ២២២២ ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក បានទទួលផ្ទះស្នាក់នៅ និងដីកសិកម្មជាផ្លូវការ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។ ពិធីប្រគល់-ទទួលនេះ ត្រូវធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត តំណាងរាស្ត្រ និងអាជ្ញាធរមូលដ្ឋាន។

​តំណាងអតីតយុទ្ធជន បានសម្តែងសេចក្តីរំភើប និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងគិតគូរពីសុខទុក្ខរបស់ពួកគាត់។ ការផ្តល់ជម្រកស្នាក់នៅអចិន្ត្រៃយ៍ អមដោយដីកសិកម្មសម្រាប់បង្កបង្កើនផល និងរបបឧបត្ថម្ភគាំទ្រផ្នែកសុខភាពនាពេលនេះ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការស្តារ និងធានាស្ថិរភាពជីវភាពគ្រួសារឱ្យមានភាពរឹងមាំឡើងវិញ។

​ការឧបត្ថម្ភនេះ បានស្តែងឱ្យឃើញពីការអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ក្នុងការតបស្នងសងគុណចំពោះវីរភាព និងការលះបង់សាច់ស្រស់ឈាមស្រស់ របស់អតីតយុទ្ធជនក្នុងបុព្វហេតុជាតិ-សន្តិសុខ។ ក្រៅពីប្រាក់សោធន រាជរដ្ឋាភិបាលនៅតែបន្តធានាលើសិទ្ធិ ទទួលបានជម្រក សេវាថែទាំសុខភាព និងកិត្តិយសសង្គម ស្របតាមបាវចនា «ដឹងគុណ និងមិនបោះបង់អ្នកដែលមានគុណចំពោះជាតិ»៕

អត្ថបទ: ប៊ុន សំណាង/DapNews

To Top