Feature

រដ្ឋមន្រ្តីសុខាភិបាល ចុះពិនិត្យការបម្រើ សេវាសុខាភិបាល នៅមន្ទីរពេទ្យកុមារជាតិ ដោយមិនជូនដំណឹង

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យផ្នែកសម្ភព ពិនិត្យជំងឺក្រៅ ការទទួលបដិសណ្ឋារកិច្ច កន្លែងចាក់វ៉ាក់សាំង និងផ្នែកអាហារូបត្ថម្ភ នៅមន្ទីរពេទ្យកុមារជាតិ ដោយមិនជូនដំណឹងជាមុន ។
បន្ទាប់ពីពិនិត្យរួចរាល់ហើយ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានចូលរួមស្តាប់ការប្រជុំបច្ចេកទេសពេលព្រឹករបស់មន្ទីរពេទ្យកុមារជាតិ និងបានផ្តល់ការណែនាំចំណុចសំខាន់ដូចជា ទម្រង់នៃការប្រជុំ ការដឹកនាំការប្រជុំ និងការវាយតម្លៃ របាយការណ៍ ត្រូវធ្វើឡើងដោយខ្លី សង្ខេប ចំគោលដៅ និងមានទិន្នន័យតួលេខច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការតាមដាន និងវាយតម្លៃ ជាពិសេសពិនិត្យលើរបាយការណ៍ស្ថិតិជំងឺ ។

 
រដ្ឋមន្រ្តីបន្តថា មន្ទីរពេទ្យត្រូវមានការ ប្រជុំឱ្យបានទៀងទាត់ ពិនិត្យការគ្រប់គ្រង និងតាមដានការអនុវត្តពិធីសារព្យាបាល ឱ្យបានត្រឹមត្រូវ និងបទដ្ឋានបច្ចេកទេសព្យាបាលសមស្រប។ បន្ថែមពីនេះ ការពិភាក្សាករណីជំងឺធ្ងន់ៗ និងស្មុគស្មាញ ត្រូវពិភាក្សាផ្លាស់ប្តូរយោបល់រវាងក្រុមគ្រូពេទ្យជំនាញ ដើម្បីស្វែងរកដំណោះស្រាយ វិធីសាស្ត្រព្យាបាលជាក់ស្តែង និងលើកកម្ពស់សុវត្ថិភាពអ្នកជំងឺជាចម្បង។

 
សាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់នៃមន្ទីរពេទ្យកុមារជាតិ ដែលបានបំពេញភារកិច្ច និងតួនាទីយ៉ាងសកម្មក្នុងការព្យាបាល ថែទាំ និងលើកកម្ពស់សុខុមាលភាពមាតា ទារក កុមារឱ្យកាន់ប្រសើរឡើង៕

To Top