លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញបើកវេទិកាថ្នាក់ជាតិ ស្តីពី «ហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)» លើកទី១ ឆ្នាំ២០២៦
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានអញ្ជើញ ជាអធិបតីក្នុងពិធីបើក វេទិកាថ្នាក់ជាតិស្តីពី «ហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)» លើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs» ដែលសហការរៀបចំដោយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានមានប្រសាសន៍ថា វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs គឺជាយន្តការដ៏សំខាន់មួយក្នុងការផ្សារភ្ជាប់រវាងផ្នែកផ្គត់ផ្គង់ហិរញ្ញប្បទានដែលជាគ្រឹះស្ថានធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុ ទាំងរដ្ឋ និង ឯកជន ជាមួយផ្នែកតម្រូវការឥណទាន ជាសហគ្រាសធុន មីក្រូ, តូច និង មធ្យម ។ សំដៅជំរុញការអភិវឌ្ឍវិស័យឯកជន ផ្ដោតជាសំខាន់ លើការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន ប្រកបដោយបរិយាបន្ន និង ភាពបត់បែន ដើម្បីធានាស្ថិរភាពអាជីវកម្ម បង្កើនសមត្ថភាពប្រកួតប្រជែង និង ជំរុញសកម្មភាពសេដ្ឋកិច្ចជាតិ ឲ្យមានសម្ទុះកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត តាមរយៈកិច្ចសហ-ប្រតិបត្តិការស្អិតល្មួត និង ការសម្របសម្រួលជិតស្និទ្ធ ក្នុងចំណោមក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ជាមួយនឹងវិស័យឯកជន ។

លោកអគ្គបណ្ឌិតសភាចារ្យ បានថ្លែងថា តាមរយៈវេទិកានេះ, ក្រសួង-សា្ថប័នពាក់ព័ន្ធ និង វិស័យឯកជន នឹងមានឱកាសដ៏ពិសិដ្ឋ សម្រាប់ផ្លាស់ប្តូរទស្សនៈ ចែករម្លែកបទពិសោធ និង បន្ស៊ីគោលនយោបាយពាក់ព័ន្ធនានា សំដៅដោះស្រាយបញ្ហាប្រឈម និង ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ MSMEs, ជាពិសេស ការត្រៀមខ្លួនរបស់ MSMEs ឲ្យបានរួចរាល់ ក្នុងការទទួលបាននូវ ហិរញ្ញប្បទាន និង ប្រភពទុនបន្ថែម ក្នុងទំហំសមស្រប, ទាន់ពេល និង ចំទិសដៅ តាមរយៈកម្ចីពីគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ទាំងរដ្ឋ និង ឯកជន។
ក៏ដូចជា តាមរយៈការបោះផ្សាយលក់ភាគហ៊ុន និងមូលបត្របំណុល (សញ្ញាបណ្ណ) សម្រាប់ ក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និង បានបំពេញលក្ខខណ្ឌតម្រូវ ។ ជាការពិត, MSMEs គឺជា «ឆ្នឹងខ្នងនៃសេដ្ឋកិច្ចជាតិ»ជាក់ស្តែង, ផ្អែកតាមជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិ, MSMEs បានរួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប និង បានផ្តល់ការងារលើសពី ៧០% ជូនដល់ប្រជាជន, ដោយមិនរាប់បញ្ចូលនូវវិស័យ កសិកម្ម ។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្នុងន័យនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និង ការវាយតម្លៃខ្ពស់ ចំពោះធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម និង សម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យម កម្ពុជា ក៏ដូចជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ, គ្រឹះស្ថានហិរញ្ញវត្ថុ, ដៃគូអភិវឌ្ឍន៍, សមាគមធុរកិច្ច និង វិស័យឯកជន ដែលបានសហការរៀបចំវេទិកា ដ៏មានសារៈសំខាន់នេះឡើង ដោយជោគជ័យ ។ ទន្ទឹមនេះ, ខ្ញុំក៏សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក កៅ ថាច, ប្រតិភូរាជ-រដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ARDB , ដែលបានថ្លែងនូវសុន្ទរកថាស្វាគមន៍ យ៉ាងក្បោះក្បាយ អំពីសមិទ្ធផលដ៏សំខាន់ជាច្រើន ដែល ARDB ខិតខំសម្រេចបាន ក្នុងរយៈ-កាលកន្លងទៅ ។ ជាមួយគ្នានេះ, ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរ ដល់ ឧកញ៉ា តែ តាំងប៉, ប្រធានសមាគមសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យម កម្ពុជា, ដែលបានថ្លៃងនូវចំណាប់អារម្មណ៍ ប្រកបដោយអត្ថន័យ ៕











