Feature

CMAC-APOPO ពន្លឿនស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមនៅព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ អង្គភាពសកម្មភាពកម្ចាត់មីនកម្ពុជា និងសហការជាមួយអង្គការAPOPO ដើម្បីពន្លឿនការស្រាវជ្រាវ បោសសម្អាតគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមបណ្តោយព្រំដែកម្ពុជា-ថៃ។

ការសហការនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ រវាងលោក ហេង រតនា ប្រធានអង្គភាពសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និងលោក Michael Raine ប្រធានអង្គការAPOPO ប្រចាំកម្ពុជាដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃយោគយល់គ្នា ក្រោមគម្រោង «ការគាំទ្រដល់ស្ថិរភាព និងការស្តារឡើងវិញនៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជា តាមរយៈការពន្លឿនការស្រាវជ្រាវ និងការបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ»។ 

គម្រោងនេះ មានរយៈពេលអនុវត្ត១៨ខែ ចាប់ពីខែតុលា ឆ្នាំ២០២៦ ដល់ខែមីនា ឆ្នាំ២០២៨ ដោយមានថវិកាគាំទ្រគម្រោងសរុបចំនួន១.៨០០.០០០ ដុល្លារអាម៉េរិក ជាជំនួយហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុប(EU)។

សូមបញ្ជាក់ថា អង្គការ APOPO គឺជាដៃគូអន្តរជាតិដ៏សំខាន់មួយរបស់អង្គភាព CMAC ក្នុងការងារបោសសម្អាមីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាម ចាប់តាំងពីឆ្នាំ២០១៤មក។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរបានរួមចំណែកយ៉ាងសំខាន់ក្នុងការរំដោះផ្ទៃដីពីការគំរាមកំហែងដោយសំណល់យុទ្ធភណ្ឌផ្ទុះ ជាពិសេសតំបន់គ្រាប់បែកចង្កោមរបស់ថៃឈ្លានពានក្នុងសង្គ្រាមឆ្នាំ២០២៥ ដែលបានបាញ់ផ្លោងមកលើលំនៅដ្ឋាននិងស្រែចម្ការរបស់ប្រជាជន ព្រមទាំងពង្រឹងសមត្ថភាពបច្ចេកទេស និងប្រតិបត្តិការបោសសម្អាតមីន រួមទាំងការប្រើប្រាស់សុនខ និងកណ្តុរហិតមីនក្នុងប្រតិបត្តិការមនុស្សធម៌៕

To Top