Feature

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ សន្តិភាព គឺជាសមិទ្ធផលមិនអាចកាត់ថ្លៃបាន​

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថា សន្តិភាពនិងស្ថិរភាពសង្គម គឺជាសមិទ្ធផលមិនអាចកាត់ថ្លៃបាន​ដែលគ្រប់គ្នាត្រូវរួមគ្នាថែរក្សា និងការពារ ។

ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន» នៅសាលាខេត្តពោធិ៍សាត់ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា សង្គ្រាមនិងភាពវឹកវរដែលបង្កអស្ថិរភាពនៅក្នុងតំបន់ជាច្រើន ហើយដែលកំពុងធ្វើឱ្យពិភពលោកមានភាពមិនច្បាស់លាស់គួរឱ្យព្រួយបារម្ភ​ដូចសព្វថ្ងៃ ​បានធ្វើឱ្យមនុស្សជាតិ​និងមេដឹកនាំពិភពលោក ផ្តល់តម្លៃកាន់តែខ្លាំងដល់សន្តិភាព និងស្ថិរភាព​សង្គម ។ ដូច្នេះនៅកម្ពុជា សន្តិភាពនិងស្ថិរភាពសង្គមដែលបានមកដោយលំបាក ​ត្រូវបានថែរក្សា​យ៉ាងល្អ ​ក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ និង​បានផ្តល់ផលប្រយោជន៍ធំធេងមិនធ្លាប់មានដល់ប្រទេសជាតិនិងប្រជាជនកម្ពុជា។ 

លោកថា ដើម្បីការពារសមិទ្ធផលដ៏ធំធេងនេះឱ្យបានគង់វង្សជារៀងរហូត ក្នុងនាមជាមន្ត្រីទទួលបន្ទុកព័ត៌មាន និងនាំពាក្យ​មានតួនាទីសំខាន់មិនអាចខ្វះបាន ពោលគឺតួនាទីបន្សាបរាល់ព័ត៌មានទាំងឡាយណា​ដែលមានចរិតញុះញង់ បំផ្លើសបំភ្លៃ ក្នុងគោលដៅបំផ្លាញសន្តិភាពនិងស្ថិរភាពសង្គមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួន ។

អ្នកនាំពាក្យបន្ថែមថា ក្នុងករណីមានព័ត៌មានបែបនេះកើតឡើង ហើយបើយល់ឃើញថាចាំបាច់ ត្រូវតែស្រាយបំភ្លឺដើម្បីកុំឱ្យប្រជាពលរដ្ឋមួយចំនួនយល់ច្រឡំ។ ទន្ទឹមនឹង​ប្រតិកម្មឆ្លើយតប ការងារមួយទៀតដែលត្រូវធ្វើដំណាលគ្នា គឺបុរេសកម្មពោលគឺការបន្តផ្សព្វផ្សាយ​អំពីតម្លៃសន្តិភាព និងស្ថិរភាពសង្គម និងសមិទ្ធផលទាំងឡាយដែលកើតចេញពីសន្តិភាព ពីព្រោះនេះជាស្នាដៃធំធេងមិនធ្លាប់មាន​របស់រាជរដ្ឋាភិបាល​នៃគណបក្សប្រជាជនកម្ពុជា។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា មានកត្តាសំខាន់ពីរដែលកម្ពុជាអាចថែរក្សាបានយ៉ាងល្អនូវសន្តិភាព និងស្ថិរភាពសង្គមរយៈពេលយូរ គឺទី១៖ កម្ពុជាមានថ្នាក់ដឹកនាំដែលយល់ច្បាស់អំពីប្រវត្តិសាស្ត្រអតីតកាល និងទី២៖ កម្ពុជាមានប្រជាពលរដ្ឋដែលឆ្លាតវៃ និងមានការយល់ដឹងខ្ពស់ជាងក្រុមប្រឆាំងជ្រុលនិយមដែលព្យាយាមបំបែកបំបាក់សង្គមខ្មែរ និងបំផ្លាញសន្តិភាព ៕

To Top