Feature

លោក ហួត ហាក់ ៖ ការអភិវឌ្ឍជំនាញ​ មិនបញ្ចប់ត្រឹមវគ្គបណ្តុះបណ្តាលណាមួយឡើយ ប៉ុន្តែជាដំណើរនៃការសិក្សា និងការពង្រឹងសមត្ថភាពពេញមួយជីវិ

ភ្នំពេញ៖​ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ បានគូសបញ្ជាក់ថា ការអភិវឌ្ឍជំនាញមិនបញ្ចប់ ត្រឹមវគ្គបណ្តុះបណ្តាលណាមួយឡើយ ប៉ុន្តែជាដំណើរនៃការសិក្សា និងការពង្រឹងសមត្ថភាពពេញមួយជីវិ ដើម្បីបង្កើនឱកាសការងារ វឌ្ឍនភាពអាជីព ។

ការគូសបញ្ជាក់របស់លោក ហួត ហាក់ ប្រធានគណៈកម្មាធិការជាតិ អ្នកជំនាញទេសចរណ៍ ខាងលើនេះ ធ្វើឡើងក្នុងពិធីបិទ «ទិវាជំនាញហូកា ឆ្នាំ២០២៦» លើកទី៤ ក្រោមប្រធានបទ «ជំនាញសម្រាប់អនាគតរួមគ្នា៖ ពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ តាមរយៈការសិក្សាពេញមួយជីវិត» កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។

លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះការគាំទ្ររបស់ទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) , ជំនួយរបស់ LED, និងកិច្ចសហការរបស់អង្គការស្វីសខន់ថាក់ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធ ដែលបានរួមចំណែក ជំរុញកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ឱ្យទទួលបានសមិទ្ធផលជាបន្តបន្ទាប់។ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៦ កម្មវិធីបានបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពអ្នកទទួលផលជាង ១០.៤៨៨ នាក់ រួមមានយុវជនក្រីក្រ និងងាយរងគ្រោះ អ្នកជំនាញកម្រិតទាប ម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងក្នុងវិស័យបដិសណ្ឋារកិច្ច ដែលវិសាលភាពនៃកម្មវិធី​ ក៏បានពង្រីកពី៣ខេត្ត ក្នុងឆ្នាំ២០១៧ រហូតដល់១៦ខេត្ត ក្នុងឆ្នាំ២០២៦។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍមូលធនមនុស្ស ក្នុងវិស័យទេសចរណ៍ គឺជាការងារអាទិភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំណត់ «មនុស្ស» ជាអាទិភាពទី១។ ក្នុងន័យនេះ ការបណ្តុះបណ្តាលជំនាញថ្មី និងការពង្រឹងជំនាញបន្ថែម ត្រូវឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការវិវត្តនៃបច្ចេកវិទ្យា។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអភិវឌ្ឍជំនាញមិនបញ្ចប់ ត្រឹមវគ្គបណ្តុះបណ្តាលណាមួយឡើយ ប៉ុន្តែជាដំណើរនៃការសិក្សា និងការពង្រឹងសមត្ថភាពពេញមួយជីវិត ដើម្បីបង្កើនឱកាសការងារ វឌ្ឍនភាពអាជីព និងផលិតភាព ព្រមទាំងលើកកម្ពស់គុណភាពសេវាកម្ម និងភាពប្រកួតប្រជែង នៃវិស័យទេសចរណ៍កម្ពុជា។

ដើម្បីបន្តជំរុញការងារនេះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ឱ្យពង្រឹងប្រសិទ្ធភាពកម្មវិធីហូកា និងពិនិត្យលទ្ធភាពពង្រីក វិសាលភាពទូទាំងប្រទេស ស្របតាមយុទ្ធសាស្ត្រ «បុគ្គលិកម្នាក់ ជំនាញមួយ និងជំនាញឌីជីថល» និង «សេវាមួយ ស្តង់ដាមួយ»។ ទន្ទឹមនេះ ត្រូវជំរុញការភ្ជាប់កម្មវិធីបណ្តុះបណ្តាល ទៅនឹងក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា និងពិនិត្យលទ្ធភាពវាយតម្លៃ ទទួលស្គាល់ការសិក្សាពីមុន ដើម្បីឱ្យជំនាញ និងបទពិសោធការងារ របស់អ្នកជំនាញទេសចរណ៍ទទួលបានការទទួលស្គាល់ជាផ្លូវការ និងមានផ្លូវអភិវឌ្ឍអាជីពកាន់តែច្បាស់លាស់។

ថ្លែងមុននឹងបញ្ចប់ លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យបន្តពង្រីកការបណ្តុះបណ្តាល ដល់អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ព្រមទាំងជំរុញកម្មវិធី «ហូកាបៃតង»។ ជាក់ស្តែង លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សមាគមទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន និងប្រតិបត្តិករទេសចរណ៍ ឱ្យបន្តវិនិយោគលើការបណ្តុះបណ្តាលបុគ្គលិក និងដល់គ្រឹះស្ថានបណ្តុះបណ្តាល ឱ្យពង្រឹងគុណភាពកម្មវិធី និងសមត្ថភាពគ្រូបង្រៀន ដើម្បីអភិវឌ្ឍអ្នកជំនាញក្នុងស្រុក ឱ្យមានសមត្ថភាពឈានទៅកាន់តួនាទីគ្រប់គ្រង និងដឹកនាំអាជីវកម្មទេសចរណ៍កាន់តែច្រើន៕

To Top