ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច ៖ វេទិកានេះធ្វើឡើង ស្របតាមទស្សនវិស័យដ៏វែងឆ្ងាយ ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កា​លទី១ ក្រោមការដឹកនាំប្រកប​ដោយភាពឈ្លាសវៃ និងស្វាហាប់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានមានប្រសាសន៍ថា​ វេទិកាថ្នាក់ជាតិស្តីពី «ហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)» លើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ “លទ្ធភាពទទួល បានហិរញ្ញប្បទានរបស់ MSMEs” បានសហការគ្នាផ្តួចផ្តើមរៀបចំហើយគ្រោងនឹងរៀបចំជារៀងរាល់ឆ្នាំ វេទិកានេះ ត្រូវបានរៀបចំឡើង ស្របតាម ទស្សនវិស័យដ៏វែងឆ្ងាយ ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កា​លទី១ ក្រោមការដឹកនាំប្រកប​ដោយភាពឈ្លាសវៃ និងស្វាហាប់ របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការចង្អុលបង្ហាញ ដោយផ្ទាល់ពីលោកអគ្គបណ្ឌិតសភាចារ្យ  អូន ព័ន្ធមុនីរ័ត្ន ។

លោកបណ្ឌិត កៅ ថាច បានលើកឡើង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្នុងពិធីបើក វេទិកាថ្នាក់ជាតិស្តីពី «ហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)» លើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs» ដែលសហការរៀបចំដោយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

លោកអគ្គនាយកធនាគារ ARDB  បានបន្ថែមថា វេទិកានេះ មិនមែនជាវេទិកានិយាយតែទ្រឹស្តីនោះឡើយ ប៉ុន្តែគឺជា វេទិកាប្រតិបត្តិ ជាក់ស្តែងដែលនាំមកនូវផលប្រយោជន៍ធំធេងចំនួនពីរជាស្នូល៖ ទី១. ផលប្រយោជន៍ក្នុងការទទួលបាន ទុន៖ វេទិកាថ្នាក់ជាតិថ្ងៃនេះគឺ ជាការបំបែក របាំងហិរញ្ញវត្ថុ។ យើងបាននិងកំពុងកសាង ស្ពានមាស តភ្ជាប់រវាងម្ចាស់ទុន និងអ្នកត្រូវការទុន។ ការធានាឥណទានពីរដ្ឋ តាមរយៈ ក្រុមហ៊ុនសាជីវកម្ម ធានាឥណទានកម្ពុជា ដែលរដ្ឋាភិបាលដើរតួជាអ្នកធានាជំនួសទ្រព្យបញ្ចាំនិងស្រូបយក ហានីភ័យជំនួសមួយចំនួន។ នេះមានន័យថា សហគ្រិនដែលមានគំនិតច្នៃប្រឌិត មានផែនការ អាជីវកម្មច្បាស់លាស់ តែខ្វះប្លង់ដីធានាឥណទានមួយចំនួន ឥឡូវនេះអាចដើរចូលធនាគារដោយ ងើបមុខឡើងប្រកបដោយ ទំនុកចិត្ត និងទទួលបានកម្ចីស្របច្បាប់។

កញ្ចប់ឥណទានពិសេសដែលមានការប្រាក់សមរម្យ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) រួមជាមួយធនាគារពាណិជ្ជដៃគូ បានបញ្ចេញ កញ្ចប់ថវិកាពិសេស ដើម្បីជួយដល់វិស័យអាទិភាព ដូចជា វិស័យកសិ-ឧស្សាហកម្ម ការកែច្នៃ ម្ហូបអាហារ និងការផលិតជំនួសការនាំចូល។ វេទិកានេះផ្តល់ឱកាស កសាងសមត្ថភាពហិរញ្ញវត្ថុឲ្យបងប្អូនសហគ្រិនយល់ដឹងពី របៀបធ្វើបញ្ជីគណនេយ្យសាមញ្ញ របៀបរៀបចំគម្រោងស្នើសុំកម្ចី ដើម្បីប្រែក្លាយអាជីវកម្មពី ក្រៅប្រព័ន្ធមកក្នុងប្រព័ន្ធ ប្រកបដោយភាពរឹងមាំ និងមានតម្លាភាព។ ទី២. ផលប្រយោជន៍ក្នុងការបើកទូលាយទីផ្សារ សម្រាប់ផលិតផលខ្មែរ។

លោកបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ទុនដែលគ្មានទីផ្សារ គឺជាហានិភ័យ ដូច្នេះ វេទិកានេះបានផ្សារភ្ជាប់ទុនទៅនឹងទីផ្សារ យ៉ាងស៊ីសង្វាក់គ្នា តាមរយៈការត ភ្ជាប់ខ្សែច្រវាក់តម្លៃ យុទ្ធនាការខ្មែរស្រឡាញ់ខ្មែរគាំទ្រផលិតផល ខ្មែរ និងការរុញផលិតផលខ្មែរទៅក្នុងទីផ្សារឌីជីថល។ វេទិកានេះបានរៀបចំជំនួបពាណិជ្ជកម្ម (B2B) ដោយផ្ទាល់រវាងសហគ្រាសផលិតក្នុងស្រុក ជាមួយក្រុមហ៊ុនបញ្ជាទិញធំៗ ផ្សារទំនើប សណ្ឋាគារ និងភោជនីយដ្ឋាន។ យើង ក៏កំពុងរួមគ្នាបង្កើតចលនាជាតិមួយ ដែលបំផុសឱ្យគ្រប់ ក្រសួង ស្ថាប័ន វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប ផ្តល់អាទិភាព ខ្ពស់បំផុតក្នុងការប្រើប្រាស់ ផលិតផលខ្មែរក្នុងពិធីការ កិច្ចប្រជុំ និងជីវភាពរស់នៅប្រចាំថ្ងៃ៕

To Top