Feature

កម្ពុជា ឱ្យថៃបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពណា គ្មានការអនុញ្ញាតពីកម្ពុជា នៅតាមទីតាំងបេតិកភណ្ឌ វប្បធម៌របស់កម្ពុជា

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈកម្ពុជា បានទាមទារជាដាច់ខាត ឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពទាំងឡាយ ដែលគ្មានការអនុញ្ញាតពីកម្ពុជា នៅតាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។

ការទាមទារបស់កម្ពុជា បន្ទាប់ពី រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ Sabeeda Thaised កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ បានចុះផ្សាយនៅក្នុងកាសែត Khaosod ដោយបានអះអាងថា ៖ ទី១. ប្រាសាទខ្នារ និងប្រាសាទតាក្របី ស្ថិតនៅក្នុងទឹកដីថៃ ទី២. ភាគីថៃបានចុះប្រាសាទទាំងនេះ នៅក្នុងបញ្ជីបេតិកភណ្ឌជាតិ ព្រមទាំងបានចាត់វិធានការរដ្ឋបាលនានា ដើម្បីគ្រប់គ្រងថែរក្សា និងអភិរក្សតាមរយៈច្បាប់ជាតិផ្ទៃក្នុងរបស់ខ្លួន និងទី៣. ដោយផ្អែកលើមូលដ្ឋាននេះ ភាគីថៃបដិសេធមិនព្រមប្រគល់វត្ថុសិល្បៈ ដែលបានយកចេញជាឯកតោភាគី ពីតំបន់ប្រាសាទខាងលើ ដោយយកលេសថា ការប្រមូលវត្ថុសិល្បៈចេញពីតំបន់ប្រាសាទនេះ គឺដើម្បីសិក្សា ថែរក្សា និងអភិរក្ស។

ជុំវិញបញ្ហាខាងលើនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ទាត់ចោល ការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ថា «សូមបដិសេធយ៉ាងដាច់អហង្ការនូវការអះអាងដោយគ្មានមូលដ្ឋាន និងពុំស្របតាមច្បាប់អន្តរជាតិខាងលើនេះ»។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានគូសបញ្ជាក់ថា «សូមទាមទារជាដាច់ខាត ឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពទាំងឡាយ ដែលគ្មានការអនុញ្ញាតពីកម្ពុជា នៅតាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា និងទាមទារឱ្យប្រគល់ត្រឡប់មកវិញ នូវវត្ថុបុរាណដែលត្រូវបានយកចេញពីប្រាសាទខ្នារ និងគោរពឱ្យបានពេញលេញ នូវអធិបតេយ្យភាព បូរណភាពទឹកដី និងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា» ។

កម្ពុជាជំរុញឱ្យប្រទេសថៃចាប់ផ្តើមឡើងវិញ នូវការងាររបស់គណៈកម្មការចម្រុះព្រំដែន (JBC) ដោយឈប់ពន្យារពេល និងដោះស្រាយរាល់បញ្ហាព្រំដែន ដែលនៅសេសសល់ដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងស្របតាមច្បាប់អន្តរជាតិ ព្រមទាំងកិច្ចព្រមព្រៀងទ្វេភាគីដែលពាក់ព័ន្ធ។

កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការដោះស្រាយវិវាទដោយសន្តិវិធី និងការការពារបេតិកភណ្ឌវប្បធម៌ ដើម្បីបន្សល់ទុកជាមរតក សម្រាប់មនុស្សជំនាន់ក្រោយ៕

To Top