Feature

ក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំ៥ចំណុច ស្តីពីវិធានការនិងកិច្ចអន្តរាគមន៍ លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស

ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៧នេះ បានចេញសេចក្តីណែនាំ ៥ចំណុច ស្តីពី វិធានការនិងកិច្ចអន្តរាគមន៍ លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស។

ក្រសួងបានឱ្យដឹងថា យោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹកនិងឧតុនិយម ស្ដីពីការចាត់វិធានការថែរក្សាទឹកទុក បានបញ្ជាក់ថា រដូវវស្សាឆ្នាំ២០២៦ នៅប្រទេសកម្ពុជា នឹងបញ្ចប់ត្រឹមសប្ដាហ៍ទី៣ នៃខែតុលា ហើយបាតុភូតអែលនីញ៉ូ (El Nino) នឹងស្ថិតនៅក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។

ក្នុងបរិបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ សូមធ្វើការណែនាំដល់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេស ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹក ជនបទ និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ដូចខាងក្រោម៖

១. ត្រូវចាត់មន្ត្រីដើម្បីចុះពិនិត្យមើល ស្រះទឹក អណ្តូង និងមានវិធានការចាំបាច់ ព្រមទាំងផ្តល់ កិច្ចអន្តរាគមន៍បន្ទាន់ ក្នុងករណីអណ្ដូងខូច និងស្រះទឹករីងស្ងួត។ល។ ដើម្បីឆ្លើយតបទៅនឹង ការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគប្រចាំថ្ងៃរបស់ប្រជាំពលរដ្ឋ។
២. ត្រូវធ្វើការណែនាំ និងអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដែលងាយ រងគ្រោះដោយសារកង្វះខាតទឹក ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាប្រភពទឹក និងការប្រើប្រាស់ទឹកដោយសន្សំសំចៃ។
៣. ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍនានា អង្គការអន្តរជាតិ និងក្នុងស្រុក ដើម្បីជួយមានវិធានការ និងផ្ដល់កិច្ចអន្តរាគមន៍ភ្លាមៗដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត ទឹកប្រើប្រាស់ និងទឹកបរិភោគ។
៤. រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ចុះជួយមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំងអស់ ត្រូវដឹកនាំត្រួតពិនិត្យការផ្គត់ផ្គង់ទឹកជនបទ និងចាត់វិធានការអន្តរាគមន៍បន្ទាន់ក្នុងករណី ប្រជាពលរដ្ឋនៅជនបទត្រូវការ។
៥. ត្រូវធ្វើរបាយការណ៍ និងរាយការណ៍ជាប្រចាំមកក្រសួង ដើម្បីមានវិធានការបន្ទាន់៕

To Top