Feature

រដ្ឋមន្ដ្រីមហាផ្ទៃ ប្រាប់ទូតអាល្លឺម៉ង់ ថា បញ្ហា Scams កម្ពុជា បណ្ដេញចេញ និងចេញដោយស្ម័គ្រចិត្ត នៃជនបរទេសប្រមាណ ៥សែននាក់

ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ទូតអាល្លឺម៉ង់ ថា បញ្ហា Online Scams កម្ពុជា បណ្ដេញចេញ និងការចេញដោយស្ម័គ្រចិត្ត នៃជនបរទេសប្រមាណ ៥សែននាក់ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦។

ការថ្លែងប្រាប់របស់ ឧបនាយករដ្ឋមន្រ្តី លោក ស សុខា បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី SILKE RÖFER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្នុងជំនួបនោះដែរ ឧបនាយករដ្ឋមន្រ្តី ស សុខា ក៏បានចែករំលែកព័ត៌មានជាក់ស្ដែង ស្ដីពីលទ្ធផលនៃកិច្ចប្រតិបត្តិការ បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដូចជា ការបណ្ដេញចេញ និងការចេញដោយស្ម័គ្រចិត្តនៃជនបរទេសប្រមាណ ៥សែននាក់ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦នេះ។

ការបង្កើតក្របខណ្ឌច្បាប់យ៉ាងម៉ឺងម៉ាត់ និងការបង្កើត ព្រមទាំងអនុវត្តយ៉ាងល្អនូវកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់កម្ពុជា ជាមួយបណ្ដាប្រទេស និងអង្គការជាដៃគូ តួយ៉ាងអាម៉េរិក ចិន អូស្ត្រាលី កូរ៉េ ជប៉ុន វៀតណាម ឥណ្ឌូនេស៊ី អង់គ្លេស ជាដើម ខណៈមេក្លោងជនបរទេស ជាច្រើននាក់ត្រូវចាប់បញ្ជូនចេញ និងឃាត់ខ្លួននៅកម្ពុជា ក្នុងនោះមានមន្រ្តីកម្ពុជា ដែលពាក់ព័ន្ធជាច្រើននាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ។

ឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ប្រតិបត្តិការកន្លងមក កម្ពុជាបានបោសសម្អាតទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប្រមាណ ៤០០កន្លែង ហើយថ្មីៗនេះ បានបន្តវិធានការបោសសម្អាតទីតាំងកាស៊ីណូស្របច្បាប់ដែលលួចបង្កប់ល្បែងភ្នាល់តាមអនឡាញ ដោយឈានទៅរកឃើញ និងដកអាជ្ញាបណ្ណកាស៊ីណូចំនួន ៦ទីតាំង ខណៈភារកិច្ចដែលកម្ពុជាត្រូវបន្ត និងកំពុងមានកិច្ចសហការយ៉ាងល្អជាមួយបណ្ដាដៃគូអន្តរជាតិនោះ គឺការតាមបោសសម្អាតទីតាំងលួចលាក់តូចៗ និងការចែករំលែកព័ត៌មានដើម្បីឈានទៅកាត់ផ្ដាច់ខ្សែច្រវាក់ជាសកលរបស់ពួកឧក្រិដ្ឋជន។

ជាការឆ្លើយតប លោកស្រី ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានថ្លែងអំណរគុណចំពោះការចែករំលែកព័ត៌មានដ៏មានសារសំខាន់នេះ និងបានអះអាងថា ក្នុងនាមជា ឯកអគ្គរដ្ឋទូត ប្រចាំកម្ពុជា លោកស្រី នឹងរៀបចំព័ត៌មានទាំងនេះ រាយការណ៍ជូនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនៅអាល្លឺម៉ង់ រួមទាំងក្រុមអ្នកវិនិយោគ និងអ្នកធ្វើការក្នុងវិស័យទេសចរណ៍៕

To Top