ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យគម្រោង វិនិយោគ និង ធុរកិច្ច ចំនួន ១៤ ក្រោមទុនវិនិយោគជាង ២៣៧ លានដុល្លារ និង អាចបង្កើតឱកាសការងារប្រមាណ ២ ៧០០កន្លែង
នាព្រឹកថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, លោក បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ លើកទី ២៨ ដើម្បីពិនិត្យគម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ១៤ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន និង រដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

គម្រោងទាំងនេះរួមមាន៖ គម្រោងអគារពហុមុខងារ, គម្រោងសណ្ឋាគារ, សួនឧស្សាហកម្ម, ភណ្ឌាគារគយមានដែនកំណត់, រោងចក្រផលិតក្តារបន្ទះគ្រប់ប្រភេទ, រោងចក្រផលិតកាវ, រោងចក្រផលិតឧបករណ៍ពេទ្យ, ក្រោមទុនវិនិយោគជាង ២៣៧ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារ ប្រមាណ ២ ៧០០ កន្លែង ។

សូមជម្រាបជូនថា គិតចាប់ពីឆ្នាំ ២០២៤ ដល់ខែ តុលា ឆ្នាំ ២០២៦, ក្រុមការងារបានសម្រេចផ្តល់ការលើកទឹកចិត្ត និង ការសម្រួលនីតិវិធី ដល់គម្រោងសរុប ៥១១ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មាន ៨,៥ ប៊ីលាន ដុល្លារអាម៉េរិក និង អាចបង្កើតឱកាសការងារជាង ៦ ម៉ឺនកន្លែង ។ គម្រោងទាំង ៥១១ នេះ រួមមាន៖ គម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន ២១៨, គម្រោងពុំពាក់ព័ន្ធអគារជាប់គាំង ឬ គម្រោងថ្មីចំនួន ២៥២, គម្រោងពង្រីកចំនួន ២៦, និង គម្រោងមានស្រាប់ចំនួន ១៥ ។

លោក បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប មានប្រសាសន៍ថា ក្រៅពីការផ្ដល់ការអនុម័តលើកទឹកចិត្តគម្រោងវិនិយោគ និង ធុរកិច្ច, ក្រុមការងារ បាន និង កំពុងដឹកនាំ សម្របសម្រួលការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ។ ផ្អែកតាមនេះ, ក្រុមការងារមានតួនាទីជា “ច្រកចេញចូលតែមួយ” ក្នុងការពិនិត្យសម្រេចផ្តល់ការលើកទឹកចិត្តពិសេស, ផ្ដល់សេវាថែទាំវិនិយោគ, បន្តនីតិវិធីផ្ដល់ការលើកទឹកចិត្តជាក់ស្ដែង, ផ្តល់ការប្រឹក្សាយោបល់ និង ធ្វើការផ្សព្វផ្សាយ ប្រកបដោយបុរេសកម្ម ឆាប់រហ័ស និង មានតម្លាភាព ដើម្បីជំរុញការវិនិយោគលើគម្រោងអគារជាប់គាំង និង គម្រោងក្នុងវិស័យឧស្សាហកម្ម កសិកម្ម និង ទេសចរណ៍ ក្រោមកិច្ចសហការស្អិតរមួត និង ធ្វើការរួមគ្នារបស់ក្រសួងស្ថាប័ន និង រដ្ឋបាលខេត្តព្រះសីហនុ ។
លោក បណ្ឌិតសភាចារ្យ បានគូសរំលេចបន្ថែមអំពីការងារសំខាន់ៗដែលក្រុមការងារត្រូវរៀបចំបន្ត រួមមាន៖ ការរៀបចំរបាយការណ៍វាយតម្លៃលើការបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ក្នុងឆ្នាំ២០២៦, ការចងក្រងឯកសារសំខាន់ៗដែលក្រុមការងារ ក្រសួងស្ថាប័ន និង អង្គភាពពាក់ព័ន្ធ បានរៀបចំក្នុងរយៈពេល ៣ ឆ្នាំ (២០២៤-២០២៦), ការផលិតវីដេអូស្ដីពី លទ្ធផលការងាររយៈពេល ៣ ឆ្នាំ របស់ក្រុមការងារ, និង ការធ្វើបច្ចុប្បន្នភាពស្ថានភាពគម្រោង ដែលបានទទួលគោលការណ៍លើកទឹកចិត្ត ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោង និង ដោះស្រាយបញ្ហាប្រឈមនានា ឱ្យបានទាន់ពេល សំដៅធានាប្រសិទ្ធភាពក្នុងការជំរុញការវិនិយោគ ឱ្យស្របតាមគោលដៅនៃកម្មវិធីពិសេស។
ជាមួយនេះ,លោក បណ្ឌិតសភាចារ្យ បានស្នើក្រសួងស្ថាប័នពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការ និង អនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ដោយប្រសិទ្ធភាព និង តម្លាភាព ដើម្បីជំរុញការវិនិយោគ និង លើកកម្ពស់ការអភិវឌ្ឍ ក្នុងខេត្តព្រះសីហនុ តាមរយ: ការរួមគ្នាដោះស្រាយបញ្ហាជាកញ្ចប់ ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” និង ការលើកស្ទួយស្មារតី “ឧត្តមនិយម” នៃផលប្រយោជន៍រួមជាចំបង ។
ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ សូមលើកទឹកចិត្តដល់ធុរជន និង វិនិយោគិន អញ្ជើញមកដាក់ពាក្យ ឬ ស្នើមកកាន់ក្រុមការងារ ដោយឥតគិតថ្លៃ ដើម្បីទទួលបានការលើកទឹកចិត្តពិសេស ការសម្របសម្រួល និង ការសម្រួលនីតិវិធី ។ វិនិយោគិនអាចទំនាក់ទំនងមកការិយាល័យរបស់ក្រុមការងារនៅ៖ ១). ការិយាល័យក្រុងព្រះសីហនុ ស្ថិតនៅផ្លូវជាតិលេខ ៤ ភូមិ ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ ទូរស័ព្ទ ៖ (+៨៥៥) ១២ ៩០២ ២០០, (+៨៥៥) ៨៩ ៧២៦ ០២៨ និង (+៨៥៥) ១៦ ៣២១ ០១០ និង ២). ការិយាល័យរាជធានីភ្នំពេញ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬ ទូរស័ព្ទ ៖ (+៨៥៥) ៩៣ ៨៥៨ ៥៤៣ ៕
3
