ក្រុមការងារទេសន្តរប្រវេសន៍ ប្តេជ្ញាចិត្តរួមគ្នាចាត់វិធានការ ការពារ ទប់ស្កាត់ និងអនុវត្តវិធានការ ផ្លូវច្បាប់ ចំពោះករណីពាក់ព័ន្ធ នឹងអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មពលកម្មលើមនុស្ស ក្រោមរូបភាពនៃទេសន្តរប្រវេសន៍ការងារ
ភ្នំពេញ ៖ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោក សេង សក្ដា រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងាររយៈពេល ១០ខែ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារបន្តរបស់ក្រុមការងារទេសន្តរប្រវេសន៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.)។ កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកានៃក្រុមការងារ ដែលអញ្ជើញមកពីក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល អង្គការអន្តរជាតិ និងសមាគមនិយោជក។

ក្នុងឱកាសនោះ លោក សេង សក្ដា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពិនិត្យ និងវាយតម្លៃលទ្ធផលការងារ ដែលសម្រេចបានក្នុងរយៈពេល ១០ខែកន្លងមក ដើម្បីពិភាក្សារកដំណោះស្រាយសមស្របចំពោះបញ្ហាប្រឈមនានា និងការកំណត់ទិសដៅការងារ បន្តឱ្យបានច្បាស់លាស់។ លោកបានសង្កត់ធ្ងន់ថា ការងារទាំងនេះមានសារៈសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹង ពង្រឹងការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស ព្រមទាំងបង្កើនប្រសិទ្ធភាព នៃការជួយដល់ជនរងគ្រោះ។

ជាមួយគ្នានេះ អង្គប្រជុំបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការចាត់វិធានការការពារ និងទប់ស្កាត់ ព្រមទាំងអនុវត្តវិធានការផ្លូវច្បាប់ចំពោះករណីពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មពលកម្មលើមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ក្រោមរូបភាពនៃទេសន្តរប្រវេសន៍ការងារ ដើម្បីចូលរួមការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលករខ្មែរ ព្រមទាំងជនដែលអាចរងគ្រោះពីអំពើទាំងនេះ៕













