ក្រុងពោធិ៍សាត់ ទទួលបានការប្រកាសទទួលស្គាល់ជា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»
ពោធិ៍សាត់÷នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្រុងពោធិ៍សាត់ បានរៀបចំពិធីប្រកាសទទួលស្គាល់ «ក្រុងពោធិ៍សាត់ជាទីក្រុង ទេសចរណ៍គ្មានផ្សែងបារី» ក្រោមអធិបតីភាពលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោក សំ ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងតំណាងអង្គការសុខភាពពិភពលោក។

ការទទួលស្គាល់នេះ គឺជាការចូលរួមលើកកម្ពស់បរិស្ថានទេសចរណ៍ប្រកបដោយភាពស្អាត បរិសុទ្ធ និងសុវត្ថិភាពសុខភាព សំដៅការពារសុខភាពសាធារណៈ កាត់បន្ថយផលប៉ះពាល់ពីផ្សែងបារី និងបង្កើនភាពទាក់ទាញរបស់ក្រុងពោធិ៍សាត់ ក្នុងនាមជាគោលដៅទេសចរណ៍ដែលផ្តល់នូវបរិយាកាសល្អសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

រដ្ឋបាលក្រុងពោធិ៍សាត់ សូមអំពាវនាវដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងភ្ញៀវទេសចរទាំងអស់ ចូលរួមអនុវត្តវិធានការក្រុងទេសចរណ៍គ្មានផ្សែងបារី ដើម្បីរួមគ្នាថែរក្សាសុខភាព បរិស្ថាន និងលើកកម្ពស់សោភ័ណភាពក្រុងពោធិ៍សាត់ឱ្យកាន់តែប្រសើរឡើង។

*ក្រុងពោធិ៍សាត់ #ទីក្រុងទេសចរណ៍គ្មានផ្សែងបារី #ទេសចរណ៍កម្ពុជា *ទីក្រុងស្អាត #សុខភាពសាធារណៈ៕
ប្រភព÷រដ្ឋបាលក្រុងពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល








