ក្រសួងមហាផ្ទៃ បញ្ជាក់ពីមូលហេតុ ការខិតខំដោះស្រាយ និងជុំវិញការងារកែតម្រូវទិន្នន័យជូនពលរដ្ឋ
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្តីជូនព័ត៌មានជុំវិញ ការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈម និងការកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន ដែលធ្លាប់មានកំហុសឆ្គង ឬភាពមិនប្រក្រតីនាពេលកន្លងមក។
ការចេញសេចក្តីជូនព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួន បានលើកឡើងពីបញ្ហាប្រឈម ពាក់ព័ន្ធនឹងកំហុសទិន្នន័យលើឯកសារអត្តសញ្ញាណផ្សេងៗនៅលើបណ្តាញសង្គម។
ឆ្លើយតបទៅនឹងកង្វល់ទាំងនេះ អគ្គនាយកដ្ឋាន បានបញ្ជាក់ថា ការងារចុះបញ្ជីអត្រានុកូលដ្ឋានក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុវត្តតាមគំរូឯកភាពទូទាំងប្រទេសចាប់តាំងពីខែសីហា ឆ្នាំ២០០២ មកម្ល៉េះ។ ដោយសារការចុះបញ្ជីនាពេលនោះត្រូវបានធ្វើឡើងដោយដៃចូលក្នុងសៀវភៅអត្រានុកូលដ្ឋានភ្លោះ ទើបបណ្តាលឱ្យមានកំហុសទិន្នន័យមួយចំនួនកើតឡើង ជាពិសេសនៅក្នុងអំឡុងពេលយុទ្ធនាការចុះបញ្ជីចល័តពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦។ ផ្អែកតាមការអង្កេតក្នុងឆ្នាំ២០១៤ បានបង្ហាញថា ឯកសារអត្តសញ្ញាណរបស់ប្រជាពលរដ្ឋប្រមាណ ១/៣ មានទិន្នន័យខុសគ្នារវាងសំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏រ៉ាំរ៉ៃនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រជាតិ ស្តីពីអត្រានុកូលដ្ឋាន (២០១៧-២០២៦) ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាច្រើនទៀត។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអភិវឌ្ឍប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានជាលក្ខណៈឌីជីថល (Civil Registration System) ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវា កែតម្រូវទិន្នន័យ និងផ្តល់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល (UIC) ជូនពលរដ្ឋគ្រប់រូប។
ជាលទ្ធផលជាក់ស្តែង មកទល់បច្ចុប្បន្ន អគ្គនាយកដ្ឋានបានសម្រេចកែតម្រូវទិន្នន័យជូនប្រជាពលរដ្ឋបានចំនួន ១៧៩.០០២នាក់ រួចរាល់ហើយ និងកំពុងបន្តពិនិត្យស្រាវជ្រាវដោះស្រាយលើករណីស្មុគស្មាញផ្សេងទៀតស្របតាមច្បាប់។
ទន្ទឹមនឹងលទ្ធផលសម្រេចបាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាននិងកំពុងត្រៀមផែនការរៀបចំដំឡើង និងពង្រីកប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានតាមបែបឌីជីថលនេះឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ តាមផែនការដែលបានកំណត់ អគ្គនាយកដ្ឋាននឹងដាក់ឱ្យដំណើរការប្រព័ន្ធនេះនៅទូទាំងរាជធានីភ្នំពេញ នៅដើមឆ្នាំ២០២៧ ហើយនឹងបន្តពង្រីកការអនុវត្តនៅតាមបណ្តាខេត្តទាំងអស់ទូទាំងប្រទេស នៅក្នុងអំឡុងឆមាសទី២ នៃឆ្នាំ២០២៧ ខាងមុខនេះ ដើម្បីធានាថាការផ្តល់សេវាជូនពលរដ្ឋកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស៕
