លោក វង្ស ពិសេន ៖ រុស្ស៊ីរួមចំណែកបណ្តុះបណ្តាល ធនធានមនុស្សកម្ពុជា ក្នុងជួរយោធា
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទលើកឡើងថា រុស្ស៊ីបានរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា និងបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ លើជំនាញយោធាជាច្រើន ។

ក្នុងជំនួបសម្ដែងការគួរសម ជាមួយឧត្តមសេនីយ៍ទោ Markovchin Sergei មេបញ្ជាការរងកងទ័ពជើងគោករុស្ស៊ី ទទួលបន្ទុកការងារយោធា និងនយោបាយ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ វង្ស ពិសេន វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងរុស្ស៊ី ដែលនៅឆ្នាំ២០២៦នេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។

លោកបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងកងទ័ពរុស្ស៊ី ដែលបានរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា និងបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ លើជំនាញយោធាជាច្រើន។

អគ្គមេបញ្ជាការក៏បញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ លើការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច និងព័ត៌មាន ការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសឆបោកតាមបច្ចេកវិទ្យា ព្រមទាំងកិច្ចសហប្រតិបត្តិការលើការងារមនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ បេសកកម្មរក្សាសន្តិភាព និងការធ្វើលំហាត់សមយុទ្ធយោធារួម។

ជាការឆ្លើយតប មេបញ្ជាការរងកងទ័ពជើងគោករុស្ស៊ី វាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់កម្ពុជា ក្នុងការសាងសង់ សាលាហ្វឹកហ្វឺនជំនាញរថក្រោះ របស់កងទ័ពជើងគោក និងបានបញ្ជាក់ពីការត្រៀមខ្លួន របស់រុស្ស៊ី ក្នុងការជួយបណ្តុះបណ្តាល កងទ័ពកម្ពុជា ដោយផ្អែកលើបទពិសោធន៍ដ៏ទូលំទូលាយរបស់ខ្លួនក្នុងវិស័យនេះ។
ជំនួបនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់កម្ពុជា និងរុស្ស៊ី ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការយោធា ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីជាផលប្រយោជន៍ ទៅវិញទៅមករបស់ប្រទេសទាំងពីរ៕
