Feature

កម្ពុជា ស្នើអង្គការ High Seas Alliance ដើម្បីជំរុញចីរភាព និងការអភិរក្សបរិស្ថានសមុទ្រសកល

ភ្នំពេញ ៖ ក្នុងឱកាសចូលរួមសន្និសីទ បណ្តារដ្ឋភាគី នៃអនុសញ្ញាសហប្រជាជាតិ ស្តីពីជីវៈចម្រុះលើកទី១៧ (COP17) នៅប្រទេសអាមេនី លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយលោកស្រី Rebeca Hubbard នាយិកានៃអង្គការ High Seas Alliance ដើម្បីពិភាក្សាការងារពាក់ព័ន្ធ នឹងកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ (BBNJ Agreement)។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងនូវចំណុចយុទ្ធសាស្ត្រចំនួន ៣ រួមមាន៖

ទី១ ការបង្កើតលេខាធិការដ្ឋានសម្របសម្រួលការងារ សម្រាប់អនុវត្តកិច្ចព្រមព្រៀង BBNJ ដែលបានអនុម័តរួចមកហើយ ខណៈដែលកម្ពុជាបានចូលជាសមាជិកទី ៥៦ កាលពីខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ។

ទី២ ការរៀបចំផែនការសកម្មភាព ជំរុញការកៀរគរមូលនិធិសម្រាប់ជួយដល់ប្រទេសជាសមាជិក ក្នុងការឆ្លើយតបទៅនឹងបញ្ហាបរិស្ថានសកល ជាពិសេសលើការងារអភិរក្សសមុទ្រ។

និងទី៣ ការពង្រីកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ នៃសន្ធិសញ្ញាលំហសមុទ្រ ទៅក្នុងការធ្វើការវាយតម្លៃហេតុបះពាល់បរិស្ថាន (EIA) ដើម្បីលើកកម្ពស់ការងារអភិរក្សសមុទ្រ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា កម្ពុជាបានដាក់ចេញវិធានការច្បាប់ តឹងរ៉ឹងលើការកាត់បន្ថយការបំពុលដី អាកាស និងទឹក តាមរយៈស៊េរីនៃយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយមានមនុស្សចូលរួមជាង១៤លាននាក់លើចំនួនសរុបចំនួន១៧លាននាក់នៅកម្ពុជា រួមជាមួយការជំរុញចលនាសម្អាតបរិស្ថាន ការញែកសំរាម និងទុកដាក់សំរាម សំណល់បា្លស្ទិកឱ្យបានត្រឹមត្រូវ និងការផ្សព្វផ្សាយដល់សហគមន៍ ក្នុងគោលបំណងទប់ស្កាត់ មិនឱ្យមានការបំពុលហូរចូលទៅក្នុងសមុទ្រ និងមហាសមុទ្រ៕

To Top