ភាពរអាក់រអួលនៃសេវាកម្ម Starlink កំពុងរារាំងដល់ការអភិវឌ្ឍបច្ចេកវិទ្យា ស្ទាក់ចាប់ដ្រូនរបស់អ៊ុយក្រែន
គៀវ៖ បច្ចេកវិទ្យាដ្រូនស្ទាក់ចាប់ ដែលត្រូវបានកែលម្អរបស់អ៊ុយក្រែន បានជួយឱ្យប្រទេសនេះអាចទប់ទល់នឹង ដ្រូនដើរដោយម៉ាស៊ីនយន្តហោះរបស់រុស្ស៊ីបាន ប៉ុន្តែការរំខានដល់សេវាកម្មផ្កាយរណប Starshield របស់សហរដ្ឋអាមេរិក បានបង្កជាការគំរាមកំហែងដល់សមិទ្ធផលទាំងនេះ។
យោងតាមវិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម ISW អត្រាស្ទាក់ចាប់របស់អ៊ុយក្រែន បានធ្លាក់ចុះបន្តិចពី ៧៧% មកនៅត្រឹមប្រហែល ៧៤% ក្នុងអំឡុងពេលដែលមានការរំខានដល់ សេវាកម្មផ្កាយរណបសម្រាប់ប្រើប្រាស់ក្នុងវិស័យយោធានេះ នៅចន្លោះថ្ងៃទី ១៤ ដល់ថ្ងៃទី ២៤ ខែតុលា។
ទោះជាយ៉ាងណាក៏ដោយ តួលេខទាំងនេះនៅតែបង្ហាញពី ការកែលម្អយ៉ាងច្បាស់លាស់បើធៀបនឹងដើមខែកញ្ញា ដែលនៅពេលនោះមន្ត្រីអ៊ុយក្រែនបានរាយការណ៍ថា ពួកគេអាចស្ទាក់ចាប់បានប្រហែល ៦០% នៃដ្រូនដើរដោយម៉ាស៊ីនយន្តហោះរបស់រុស្ស៊ី។
អង្គភាពការពារដែនអាកាសមួយចំនួនរបស់អ៊ុយក្រែន បានរាយការណ៍ថា ពួកគេសម្រេចបានអត្រាស្ទាក់ចាប់លើសពី ៨០% ប៉ុន្តែតួលេខទាំងនេះឆ្លុះបញ្ចាំងពីសមិទ្ធផលរបស់អង្គភាពនីមួយៗ ជាជាងលទ្ធផលរួមនៅទូទាំងប្រទេស។
យោងតាមមន្ត្រីអ៊ុយក្រែន ការរឹតត្បិតលើសេវាកម្ម Starshield ដែលបានប៉ះពាល់ដល់ប្រតិបត្តិការដ្រូនល្បឿនលឿននោះ ត្រូវបានដកចេញវិញនៅថ្ងៃទី ២៤ ខែតុលា។ ប៉ុន្តែ ការរំខាននេះបានបង្ហាញឱ្យឃើញថា ប្រទេសអ៊ុយក្រែន ពឹងផ្អែកខ្លាំងលើប្រព័ន្ធទំនាក់ទំនងផ្កាយរណបរបស់សហរដ្ឋអាមេរិក ដើម្បីរក្សាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន។
វិទ្យាស្ថាន ISW បានព្រមានថា ការរក្សា និងការកែលម្អអត្រាស្ទាក់ចាប់ឱ្យកាន់តែប្រសើរឡើង តម្រូវឱ្យអ៊ុយក្រែនអភិវឌ្ឍ និងដាក់ពង្រាយដ្រូនស្ទាក់ចាប់ដែលមានល្បឿនលឿន និងមានតម្លៃសមរម្យ ក្នុងកម្រិតទ្រង់ទ្រាយធំជាងមុន៕
ប្រែសម្រួល ឈូក បូរ៉ា
