Feature

កុមារា ២រូប លួច និងប្រើប្រាស់សារធាតុញៀន ត្រូវបានផ្តល់សេវារក្សាការពារ និងថែទាំបណ្តោះអាសន្ន នៅមណ្ឌលកុមារកំព្រាភ្នំពេញ

ភ្នំពេញ ៖ ករណីកុមារា ២រូប ពាក់ព័ន្ធករណីលួច និងប្រើប្រាស់សារធាតុញៀន ត្រូវបានអាជ្ញាធរ ផ្តល់សេវារក្សាការពារ និងថែទាំបណ្តោះអាសន្ន នៅមណ្ឌលកុមារកំព្រាភ្នំពេញ។

ជាក់ស្ដែង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយបានណែនាំពី លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ បានចាត់មន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ចុះជួយអន្តរាគមន៍ ស្វែងរកដំណោះស្រាយ និងផ្តល់សេវាសមស្រប លើករណីកុមារា ២រូប គឺ កុមារា ឌី ហ្សា អាយុ ១១ឆ្នាំ និង កុមារា ប៊ុត ទី អាយុ ៨ឆ្នាំ ដែលប្រជាពលរដ្ឋបានឃាត់ខ្លួន ពាក់ព័ន្ធនឹងការលួចទ្រព្យសម្បត្តិ និងបានចុះផ្សាយតាមបណ្តាញសង្គមហ្វេសបុក។

ករណីរបស់កុមារាខាងលើនេះ នាពេលកន្លងមក មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ធ្លាប់បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ អន្តរាគមន៍ គ្រប់គ្រងករណី និងផ្តល់រក្សាការពារដោយទុកដាក់ក្រោមការមើលថែទាំនៅក្នុងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី។ ក្រោយពីបានស្នាក់នៅក្នុងមណ្ឌលមួយរយៈកុមាររូបនោះ ត្រូវបានធ្វើសមាហរណកម្មកុមារត្រឡប់ទៅគ្រួសាររបស់ពួកគេវិញ តាមនីតិវិធីបច្ចេកទេស និងមានការតាមដានពីមន្ត្រីជំនាញ រហូតបិទករណី។

ទោះយ៉ាងណាក៏ដោយ ក្រោយពីពួកគេទៅរស់នៅជាមួយគ្រួសារវិញ កុមារានោះបានប្រព្រឹត្តអំពើលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន រួចប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលសង្កាត់ចោមចៅទី១ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ។

បច្ចុប្បន្ន កុមារាទាំង ២រូបនេះ ត្រូវបានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលរាជធានី រដ្ឋបាលខណ្ឌ និងអាជ្ញាធរមូលដ្ឋាន ផ្តល់សេវារក្សាការពារ និងថែទាំបណ្តោះអាសន្ននៅក្នុងមណ្ឌលកុមារកំព្រាភ្នំពេញ៕

To Top